(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានចូលរួមអបអរសាទរដល់ខេត្តព្រះសីហនុ ក្លាយជាខេត្តទី៥ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីក្បាលដី។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា នឹងបន្តខិតខំបញ្ចប់ការវាស់វែងដីធ្លី ឈានទៅដល់ការកាត់បន្ថយទំនាស់ និងវិវាទឲ្យបានជូនប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណណាស់ អបអរសាទរផងខេត្តព្រះសីហនុ ដែលជាខេត្តទី៥ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីក្បាលដី និងបានបញ្ចប់នៅបញ្ហានេះ ខ្ញុំសូមអរគុណឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្ដម ម៉ៅ ស៊ីណេត»។
បើតាមប្រសាសន៍របស់ សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី, រាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើង ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ បច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដើម្បីកាត់បន្ថយវិវាទ និងជម្លោះផ្សេងៗរបស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកផងដែរថា កាលពីដីមិនទាន់ត្រូវប៉ាន់ នៅតំបន់ក្នុងខេត្តព្រះសីហនុ មិនទាន់មានទំនាស់នោះទេ ក្រោយមកដីឡើងថ្លៃ ចាប់ផ្ដើមមានទំនាស់ច្រើន ប៉ុន្តែបច្ចុប្បន្នបានថមថយវិញ ដោយរាជរដ្ឋាភិបាលបានវាស់វែង និងចុះបញ្ជីក្បាលដីយ៉ាងច្បាស់លាស់។ ជាមួយគ្នានេះ ការវាស់វែងដីធ្លីបានប្រើប្រព័ន្ធGPS បែបយុគសម័យថ្មី ដើម្បីធានាតម្លាភាពដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ក្រៅពីខេត្តព្រះសីហនុ មានខេត្តចំនួន៤ បានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់ ក្នុងនោះរួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ជាប្រយោជន៍ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាម្ចាស់ដីផងគឺ៖
*ទី១. រដ្ឋគ្រប់គ្រងដីធ្លីបាន ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដី រដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្តិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគ។
*ទី២. ទទួលបាននូវសិទិ្ធស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។
*ទី៣. អាចប្រើប្រាស់ប័ណ្ណកម្មសិទិ្ធដើម្បីផលប្រយោជន៍ផ្សេង ៗ ក្នុងការប្រកបមុខរបរ និងអាជីវកម្មរ។
កាលពីពេលកន្លងទៅនេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់កម្លាំងចុះវាស់វែងប្រមាណជាង៥ពាន់នាក់ ក្នុងនោះមាន មន្ត្រីក្រសួង និង យុវជនស្ម័គ្រចិត្តតាមមូលដ្ឋានដោយក្នុង ១ថ្ងៃ ពី ១២,០០០ ដល់ ១៥,០០០ក្បាលដី ដើម្បីបញ្ចប់នៅឆ្នាំ ២០២៥ និង បន្តនីតិវិធីចុះបញ្ជី ចេញបណ្ណ និងចែកបណ្ណ បញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៨ ដើម្បីគ្រោងធ្វើពិធីបុណ្យ ខួប ៤០ឆ្នាំ(១៩៨៩-២០២៩) នៃការចេញបណ្ណកម្មសិទ្ធិទទួលស្គាល់កម្មសិទ្ធិដីធ្លីឯកជននៅកម្ពុជា ក្រោយថ្ងៃរំដោះ៧មករា៕