(ភ្នំពេញ)៖ កម្រងអាល់ប៊ុមចម្រៀងដកស្រង់ ចេញពីខ្សែជីវិតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការផលិត Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចទាំងទ្វេ ក្នុងបុព្វហេតុជាតិមាតុភូមិ។
ចម្រៀងបទ «អង្គការបញ្ជូនអូនលត់ដំនៅភូមិខ្នា» ដកស្រង់ចេញពីរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានបញ្ជាក់នូវខ្លឹមសារទាំងស្រុងថា «បានឮសម្លេង បងហៅឈ្មោះអូន ប្រុសស្ងួនអូនអរណាស់ថ្លៃ មិនស្មានថាបង និងមករកស្រី អូននឹកណាស់ណាប្ដី រីងរៃឯកា។ គេបញ្ជូនអូន ហាត់ពត់លត់ដំ រូបម៉ុមរង់ទុក្ខម្លេះណា ពីព្រឹកទល់យប់ ឥតស្រាកកាយា ដៃប្រេះបែកឈឺផ្សា ណាប្ដីមាសស្នេហ៍។ បងអើយ! គេឲ្យ អូនធ្វើការធ្ងន់ កាប់គាស់រែកពុន គល់ឈើភ្លឺស្រែ លើកដីទំនប់ ឥតមានឈប់ទេ ញើសហូរគ្មានល្ហែ តែមិនហ៊ានស្ដី។ តាមការចាត់តាំង អង្គការថ្នាក់លើ ធ្វើការហាលភ្លៀងហាលថ្ងៃ ទាំងឈឺទាំងជា ពុំមានប្រណី អូននឿយហត់ពេកក្រៃ វេទនាណាស់ប្ដីអើយ»។
«បងសែនអាណិត ចិត្តគ្រាំហួសថ្លែង ចំបែងសឹងប្រេះទ្រូងហើយ មិនគួរឲ្យអូន រង់ទុក្ខឥតស្បើយ ប្រពន្ធសម្លាញ់អើយ ប្ដីឈឺដួងចិត្ត។ បងខំស្កាត់ទៅ រកស្រស់ចរណៃ ដឹងអីថ្លៃចាកចេញពិត បងសែនសង្វេគ រន្ធត់ក្នុងចិត្ត អង្គការដាក់កម្រិត ទៅភូមិខ្នាណាថ្លៃ។ ដ្បិតឋានៈបង មេបញ្ជាការ គ្មានសិទ្ធិតវ៉ា រក្សារូបស្រី ឲ្យអូនឃ្លាតឆ្ងាយ លំបាកទីទៃ ក្នុងនាមជាប្ដី ហឫទ័យឈឺផ្សា។ បងសូមប្ដេជ្ញា ស្ដារជាតិទឹកដី ពិសីកុំបីសោកា រំដោះប្រជា ពីយុគឫស្យា យើងរស់ជុំគ្រួសារ ណាត្រួយជីវិត»។
បទចម្រៀងនេះគ្រប់គ្រងការផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា កែសម្រួលទំនុកច្រៀងដោយលោក ហ៊ឹម សុភា (នភា), និពន្ធទំនុកច្រៀងដោយ ង៉ូវ សូរិន, ច្រៀងដោយតារាចម្រៀង ខេម និងស៊ុន ស្រីពេជ្រ, លំនាំបទ សំពៅទុក្ខស្នេហ៍ (Vol 05) និងដកស្រង់ពីរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ភាគ (៤១+៤២+៤៣)។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅ ផ្តល់ឱកាសឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទទួលសិទ្ធិផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដោយអ្នកឧកញ៉ាបង្ហាញនូវមោទកភាព ដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ី និងក្នុងនាមអ្នកឧកញ៉ាផ្ទាល់ ដែលបានទទួលនូវភារកិច្ច ដ៏មានតម្លៃជាប្រវត្តិសាស្រ្តក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។
ទន្ទឹមនឹងគ្នានេះ អ្នកឧកញ៉ា អះអាងថាពេលដែលទទួលការងារមួយនេះ រូបលោកមានក្ដីរំភើបរីករាយ ព្រោះភារកិច្ចដ៏ធំធេង គឺមានតម្លៃមហាសាលក្នុងជីវិតអ្នកឧកញ៉ា ដែលរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ហើយអ្នកឧកញ៉ារួមជាមួយលោក ហ៊ឹម នភា ជាកវីនិពន្ធដែលទទួលបានការណែនាំផ្ទាល់ពីសម្តេចតេជោ គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រង Album កម្រងចម្រៀងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយ ឲ្យបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។
សាច់រឿង និងចម្រៀងនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់ អាចសិក្សារៀនសូត្រ និងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗ របស់សម្តេចក្នុងបុព្វហេតុប្តូរសាច់ស្រស់ ឈាមស្រស់ តស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវ និងអាចរក្សាសិទ្ធិបានពេញលេញ។
អ្នកចម្រៀងពីររូប គឺលោក ខេម និងអ្នកនាង ស៊ុន ស្រីពេជ្រ គឺជាអ្នកចម្រៀងដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពេញចិត្ត និងផ្ដល់ឱកាសឱ្យច្រៀងក្នុងការផលិតមួយនេះ និងអមជាមួយតារាចម្រៀងផ្សេងទៀតក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា។
លោក ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថា សម្រាប់ការងារ Media ដើម្បីធ្វើការផ្សព្វផ្សាយនូវបទចម្រៀង ក្រោយពីបានផលិតរួចរាល់ទាំងអស់ឱ្យបានទូលំទូលាយ សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដោយអនុញ្ញាតជូនផលិតកម្ម Galaxy Navatra ផលិត រក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយ ព្រមទាំងប្រគល់ជូនក្រុមការងារ Media របស់សម្តេចតេជោ ដើម្បីផ្សព្វផ្សាយបន្ថែមផងដែរ៕