(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានច្បាស់ ដើម្បីកុំឱ្យមាននាំទំនិញ មកវាយផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសដទៃ ដើម្បីបានរួចពន្ធ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យមន្ដ្រីនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងក្រសួងពាណិជ្ជកម្ម ទាំងគយ ទាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្ដគោលការណ៍ត្រួតពិនិត្យ ការនាំចេញឲ្យបានកាន់តែសុក្រឹត្យ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសូមឲ្យស្ថាប័នដែលអនុវត្ដ ត្រូវរឹតបន្ដិតនីតិវិធី នៅក្នុងការត្រួតពិនិត្យ ទោះបីជាឯកសារច្រើនជាងមុន តែធ្វើយ៉ាងណាពន្លឿន ឬក៏បង្កើនមន្ដ្រីក្នុងការធ្វើការងារ ដើម្បីពន្លឿនល្បឿនក្នុងការនាំចេញ កុំមានការរាំងស្ទះ ឬមានភាពយឺតយ៉ាវ និងមានប្រសិទ្ធភាព ដើម្បីឈ្នះឈ្នះទាំងអស់គ្នា។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញទិន្នន័យ ដែលបានស្រាវជ្រាវថា ឆ្នាំ២០២៤ អាមេរិក មានឱនភាពពាណិជ្ជកម្ម (នាំចេញតិចនាំចូលច្រើន) ជាមួយប្រទេសជាង១០០ប្រទេស។ ចិន អតិរេក១៥០ប្រទេស នាំចេញចេញច្រើន នាំចូលតិច។ ចិន នាំចេញផលិតផលសំរេច និងវត្ថុធាតុដើម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អាមេរិកនាំចូលច្រើន ព្រោះអាមេរិក ចំណាយលើការទិញច្រើន ខណៈចិនផ្អែកលើការផលិត និងនាំចេញ៕