(ភ្នំពេញ)៖ លោក ស្លេស អាល់ហ្វីន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានពន្យល់ពីវិធីសាស្ត្រធ្វើរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ឆ្នាំ២០២៥ ដោយឈរលើការពិត មានមូលដ្ឋានបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងធ្វើឡើងតាមរយៈវិធីសាស្ត្រមានចែងជាសកល។

ក្នុងឱកាសចូលរួមធ្វើសន្នីសីទសារព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥»​ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញ ដឹកនាំដោយលោក នេត្រ​ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ស្លេស អាល់ហ្វីន បានឱ្យដឹងថា សម្រាប់ការរៀបចំធ្វើរបាយការណ៍ស្តីពីស្ថានភាពសេរីភាព​សារព័ត៌មានឆ្នាំ២០២៥នេះ គឺក្រុមការងារបានប្រើប្រាស់វិធីសាស្ត្រចំនួន៣រួមមាន៖

*ទី១៖ ការពិនិត្យទៅលើឯកសារដែលមានស្រាប់, ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ព្រមទាំងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
*ទី២៖ ការប្រើវិធីសាស្ត្រស្ទង់មតិអ្នកសារព័ត៌មាន ដោយបានចែកនូវកម្រងសំណួរ
និងទី៣៖ ការឱ្យអ្នកសារព័ត៌មានបង្ហាញពីទស្សនៈ ការផ្តល់យោបល់ពីសំណាក់ឥស្សរជន និងបុគ្គលសំខាន់ៗនៅក្នុងវិស័យសារព័ត៌មាន។

របាយការណ៍ស្តីពីស្ថានភាពសេរីភាព​សារព័ត៌មានឆ្នាំ២០២៥ ដែលចេញដោយក្រសួងព័ត៌មាន គឺឈរនៅលើការពិត ឈរលើអ្វីដែលជា​មូលដ្ឋាននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិធីសាស្ត្រដែលមានចែងជាសកល តាមរយៈចម្លើយ ដែលផ្តល់មកដោយអ្នកតំណាងអ្នកសារព័ត៌មាន នៅ២៥រាជធានី-ខេត្ត ដែលត្រូវបានជ្រើសរើសយ៉ាងពិតប្រាកដ ក្នុងការឆ្លើយទៅនឹងកម្រងសំណួរ ស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៥។

ការស្ទង់មតិត្រូវបានធ្វើឡើង​ដើម្បីវាយតម្លៃទៅលើស្ថានភាពសារព័ត៌មាននៅកម្ពុជា ក្នុងរយៈពេល១ឆ្នាំ កន្លងមកនេះ ក្នុងនោះបានជ្រើសរើសអ្នកសារព័ត៌មានដោយចៃដន្យ (Random) ៥០០នាក់ ក្នុងការស្ទង់មតិដែលចំនួននេះមានការកើនឡើងច្រើន​ជាងការជ្រើសរើសការស្ទង់មតិកាលពីឆ្នាំ២០២៤ កន្លងទៅ រហូតទៅដល់ចំនួន១៥០នាក់ ខណៈដែលការកើនឡើងនេះ គឺដើម្បីសុង្គតិភាព ក៏ដូចជា៖ សុច្ចរិតភាពកាន់តែខ្ពស់ ជាពិសេសដើម្បីទទួលបាន​គុណភាពកាន់តែខ្លាំងថែមទៀត៕