(ព្រះវិហារ)៖​ លោក កង សៅគុណ អនុប្រធានទី១ ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកជ័យសែន ខេត្តព្រះវិហា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះសរុប១១៨នាក់ រួមសាមគ្គីគ្នា ចុះរុះរើផ្ទះសម្បែងជូនប្រជាពលរដ្ឋនៅភូមិស្លែង ឃុំខ្យង និងឃុំតស៊ូ ស្រុកជ័យសែន ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។​

លោក កង សៅគុណ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានផ្តល់ជាអំណោយ​ដែកស័ង្កសីចំនួន ២០០សន្លឹក សម្រាប់ជូនដល់ ប្រជាពលរដ្ឋចំនួន១០គ្រួសារ រងគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ស្ថិតនៅក្នុងឃុំខ្យង ចំនួន ១០០សន្លឹក និង ១០០សន្លឹកទៀត​ជូនប្រជាពលរដ្ឋ០៩គ្រួសារ ក្នុងឃុំតស៊ូ ដើម្បីជួយសម្រួលដល់ការសាងសង់ លំនៅដ្ឋានរបស់ពួកគាត់ឡើងវិញ។​

ក្រៅពីការចុះជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋនាពេលនេះ ក្រុមការងារក៏បាននាំយកនូវអំណោយមួយចំនួនដូចជា៖ ទឹកសុទ្ធ ៣០យួរ ទឹកផ្លែឈើ ០៣កេស និងថវិកាចំនួន ១,១២០,០០០រៀល ដែលបានមកពីការរួមសាមគ្គីគ្នារបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់​ សម្រាប់ចែកជូន និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិនេះផងដែរ។

សូមបញ្ជាក់ថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់ថ្មីៗនេះ បានធ្វើឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៩៩គ្រួសារ នៅឃុំខ្យង និងឃុំតស៊ូ ស្រុកជ័យសែន រងការខូចខាត ដោយឡែកនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារចុះចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ និងបានចុះពិនិត្យមើលជាក់ស្តែងតាមខ្នងផ្ទះពលរដ្ឋដែលរងការខូចខាត​ ជាមួយនឹងការណែនាំមួយចំនួនដល់ក្រុមការងារ អាជ្ញាធរមុលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នាជួយជួសជុលផ្ទះពលរដ្ឋដែលរងការខូចខាតធ្ងន់ធ្ងរឡើងវិញ៕