(កំពង់ធំ)៖ លោក ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយលោក ពេញ កែម ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន និងសមាជិកសមាជិកា ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បាននាំយកអំណោយមនុស្សធម៌ និងថវិកា ទៅប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត ១០គ្រួសារ រួមមាន៖ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីមេម៉ាយ និងគ្រួសារងាយរងគ្រោះ ស្ថិតនៅភូមិកំរ៉ែង០៤គ្រួសារ និងភូមិរកា០៦គ្រួសារ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។

លោក ងួន រាសី បានឱ្យដឹងថា ដោយសង្កេតឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចុះជាប់ជាមួយនឹងប្រជាជន និងបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយថាមពល និងប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។ 

លោកបន្តថា កិច្ចខិតខំប្រឹងប្រែងជាអង្គតែមួយ និងមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន គឺជាចលនការថ្មីមួយ​ប្រកបដោយក្តីសង្ឃឹមជឿជាក់ ក្នុងការសម្រេចបាន​នូវចក្ខុវិស័យប្រែ​ក្លាយ​ខេត្តកំពង់ធំ ឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេសដើម្បីត្រៀម​ខ្លួន​ឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨នាខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ និងថវិការបស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ក្នុង១គ្រួសារទទួលបានមាន៖ អង្ករ ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងថវិកាមួយចំនួនទៀតផងដែរ៕