(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និងខូចខាតរថយន្ដ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ស្ដ្រីទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីអំពើហិង្សា ហើយវីដេអូត្រូវបានចែកចាយពេញបណ្ដាញសង្គម ឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ និងឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ។ ដោយឡែកស្ដ្រីរងគ្រោះឈ្មោះ ចាប ចន្ដា អាយុ៤០ឆ្នាំ។

បើតាមសមត្ថកិច្ច សម្ភាររងការខូចខាត រថយន្ត១គ្រឿង ម៉ាកPrius ស៊េរី២០០៥ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BF-8730 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខ ពួកប្រុសម្នាក់ទៀត (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខកម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ) និងកង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕