(តាកែវ)៖ ក្រុមអ្នកសារព័ត៌មានក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានជួបជុំគ្នានៅមន្ទីរពត៌មានខេត្តតាកែវ ដើម្បីធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
ជាកិច្ចចាប់ផ្ដើម លោក អៀម ថៃ ប្រធានមន្តីរពត៌មានខេត្តតាកែវ បានថ្លែងថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រសួងព័ត៌មាន នឹងទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់ព័ត៌មានលើបណ្ដាញសង្គម ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងអស់គ្នា។
លោកបានបន្តថា ព័ត៌មានក្លែងក្លាយសុទ្ធ តែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ហើយវាអាចបង្កឱ្យមានការបែកបាក់សាមគ្គីភាពរ បស់ប្រជាពលរដ្ឋនៅក្នុងសង្គមផងដែរ។
ជាមួយគ្នានេះ លោកបានអំពាវនាវអ្នកសារព័ត៌មាននៅក្នុងខេត្តតាកែវ មុននឹងធ្វើការផ្សព្វផ្សាយអ្វីមួយត្រូវធ្វើការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវមានប្រភពព័ត៌មានច្បាស់លាស់ ព្រោះអ្នកសារព័ត៌មានជាតួអង្គដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
បន្ថែមពីនេះ កញ្ញា ឃុន ណារី អ្នកសារព័ត៌មានវិទ្យុកូដធម៌ បានលើកឡើងថា ក្នុងនាមអ្នកសារព័ត៌មានម្នាក់ នឹងធ្វើការផ្សព្វផ្សាយព័ត៌មានណាដែលពិតប្រាកដច្បាស់លាស់ មានប្រភពច្បាស់ មិនក្លែងក្លាយជាពិសេសមិនចែក ព័ត៌មានរំលែកពត៌មានក្លែងក្លាយនោះទេ។
លោក ពៅ សាខន អនុប្រធានមន្ទីរពត៌មានខេត្តតាកែវ បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់នៅក្នុងខេត្តតាកែវទាំងអស់ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយដោយអនុវត្តន៍យុទ្ធសាស្រ្តរបស់ក្រសួងព័ត៌មានគឺ «ម៣» និង «ផ១»។ «ម១» គឺមិនបង្កើតព័ត៌មានក្លែងក្លាយ, «ម២» គឺមិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ, «ម៣» មិនចែករំលែកព័ត៌មានក្លែងក្លាយ និង «ផ១» ផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់៕