(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៃខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញក្រោមឱវាទ ចុះពិនិត្យមើលស្ថានភាពរស់នៅ និងការប្រមូលផលដំណាំរបស់ប្រជាកសិករ ដែលកំពុងដាំដំណាំតាមចម្ការ មានដូចជា ដំឡូង ស្វាយចន្ទី នៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងការចុះសួរសុខទុក្ខ លោកអភិបាលស្រុកតាំងគោក បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។ ជាក់ស្ដែងប្រជាកសិករភាគច្រើនប្រកបមុខរបរកសិកម្ម ព្រោះប្រភេទដីនៅតំបន់នោះមានអំណោយផលលើដំណាំកសិកម្មគ្រប់ប្រភេទ ការនាំចេញទៅខេត្តផ្សេងៗក៏ងាយស្រួលដែរ ដោយសារមានផ្លូវប្រកបដោយសុវត្ថិភាពក្នុងការដឹកជញ្ជូន តាំងពីចម្ការរហូតដល់ផ្លូវធំ ក្នុងស្រុកទាំងមូល។
 
ទន្ទឹមនេះដែរ លោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងទៅលើដំណាំ គ្រប់ប្រភេទ ត្រូវផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ទោះជួបការលំបាកខ្លះៗក្ដី បានសង្កេតឃេីញថា ប្រជាកសិករជាច្រើនបានរីករាយនៅពេលបានទទួលបានទិន្នផលច្រើន ហើយមានថ្នាក់ដឹកនាំស្រុកចុះសួរសុខទុក្ខ រហូតដល់ចម្ការរបស់ពួកគាត់ និងបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានជួយពួកគាត់នាពេលកន្លងមកផងដែរ៕