(ពោធិ៍សាត់)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមានការចូលរួមពី សមាគម អ.ម.ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ ចំនួន ៤ពាន់នាក់ រស់នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្ដពោធិ៍សាត់។ ពិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណវិទ្យាល័យ-បឋមសិក្សាព្រះម្លូរ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្ដពោធិ៍សាត់ ដោយឥតគិតថ្លៃអ្វីទាំងអស់ ហើយថ្ងៃនេះក្រុមគ្រូពេទ្យបានបម្រើនូវសេវាសុខាភិបាលរួមមាន៖ ពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ។

លោកជំទាវបណ្ឌិតបានបញ្ជាក់ទៀតថា «បើសិនជាលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន ប្រជាពលរដ្ឋយើងមានស្ថានភាពជំងឺឈឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យយើងនឹងបញ្ជូនទៅព្យាបាលទៅកាន់រាជធានីភ្នំពេញតែម្ដង ហើយរាល់ការចំណាយទាំងអស់ ដូចជាការសម្រាកព្យាបាល និងអាហារ សូមអ៊ុំពូមីង កុំបារម្ដ គឺឧបត្ថម្ភដោយទាំងស្រុងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា»។

ក្នុងឱកាសសំណេះសំណាលខាងលើនេះ ប្រជាពលរដ្ឋបានបង្ហាញនូវសេចក្ដីរំភើប សប្បាយរីករាយ និងកក់ក្ដៅយ៉ាងខ្លាំង និងបានថ្លែងអំណរគុណជាអនេក ចំពោះក្ដីស្រលាញ់ និងយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ ជាពិសេសការលះបង់កម្លាំងកាយ-ចិត្ដ និងពេលវេលាដ៏មានតម្លៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងដោយមិនគិតថ្លៃ។

សូមជម្រាបក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងបរិវេណវិទ្យាល័យ-បឋមសិក្សាព្រះម្លូរនេះ ការមានការរបាយណ៍ស្វាគមន៍របស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ដពោធិ៍សាត់ និងមតិថ្លែងអំណរគុណរបស់ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចចុះមូលដ្ឋានខេត្ដពោធិ៍សាត់ផងដែរ៕