(កំពង់ចាម)៖ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូន ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រតិភូដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ ការងាររៀបចំពិធីបុណ្យ ដែលនឹងធ្វើឡើងនៅបូជណីយដ្ឋាន សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ស្ថិតក្នុងភូមិអណ្តូងច្រុះ អំពិល ស្រុកកំពង់សៀម។

ក្នុងកិច្ចប្រជុំនោះលោក អ៊ុន ចាន់ដា បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវពង្រឹងកិច្ចសហការឲ្យបានល្អទៅតាមភារកិច្ចបែងចែករៀងៗខ្លួន សំដៅធ្វើធ្វើយ៉ាងណា រក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងកម្មវិធីបុណ្យឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខ័ន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្រុមគ្រួសារ និងសាច់ញាតិរបស់សម្តេច បានមូលមតិគ្នាជាឯកឆន្ទ រៀបចំពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ ស្ថិតនៅ បូជនីយដ្ឋាន សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ក្នុងភូមិ អណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី៤-៥ ខែឧសភា ឆ្នា២០២៥ ៕