(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​ផ្តល់​កិត្តិ​យស​ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារ​ព័ត៌​មាននៅទូទាំងប្រទេសលើកទី៧។

ក្នុងពិធីនេះមានអ្នកចូលរួមសរុបប្រមាណជា ៥ពាន់នាក់។ ក្រៅពីអ្នក​សារព័ត៌មាន ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី​សមា​ជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំ​ពាក្យ​ក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន​រាជធានី​-ខេត្ត និងក្រុមការងារព័ត៌មាន និងសាធារណមតិ អ្នកសារព័ត៌មាន​តំណាង​​អង្គការយូណេស្កូប្រចាំកម្ពុជា អ្នកផលិតមាតិកា និង​អ្នកមាន​ឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)។

ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះ ជាការបន្តនូវគំរូសម្តេច​តេជោ ហ៊ុន សែន ពេល​សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់ខ្ពស់​ចំពោះវិស័យសារព័ត៌​មាន ហើយបានបង្កើតឱ្យ​មាន​ជំនួប​សំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង​រាល់​ឆ្នាំ។

ជំនួបសម្តេចតេជោ ជាមួយអ្នកសារព័ត៌មាន ត្រូវបានរៀបចំជាលើក​ដំបូ​ង​នៅថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌​មាន និងអ្នកដែលប្រកបអាជីវកម្ម​ក្នុង​វិស័យព័ត៌មានអាចជួបជុំគ្នា​មួយ​ឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកនាំ​ពាក្យ​តាមក្រសួង​ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាដើម្បីដោះស្រាយបញ្ហា​មួយ​ចំនួន​ដែលជាសំណូមពររបស់អ្នកសារព័ត៌មាន និងអ្នកប្រកប​អាជីវកម្មនៅក្នុងវិស័យព័ត៌មាន ​និង​សោតទស្សន៍។ ជំនួបរវាងសម្តេច​តេជោ ជាមួយអ្នកសារព័ត៌មានបានធ្វើឡើងចំនួន​៥លើក​។

ជំនួបនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​អ្នកសារ​ព័ត៌​មាននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាឆ្នាំនេះ គឺជាលើកទី២ហើយ ខណៈលើកទី១ ធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសារព័ត៌មាន ខុសគ្នាពីជំនួបរបស់សម្តេចតេជោ ហ៊ុន សែន។ ជំនួបសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ជាថ្ងៃ​ដែលសម្តេចតេជោចូលព្រៃធ្វើសកម្មភាពតស៊ូទាមទារអំណាចថ្វាយសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ដោយឡែកជំនួប​រវាង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានបាន​ជ្រើសយកថ្ងៃទី៣ ខែឧសភា ដែលជាថ្ងៃទិវាសេរីភាពសារព័ត៌មាន​ពិភព​លោក។

តាមរយៈជំនួបនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មានអាជីព និងអ្នក​ប្រកបអាជីពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ ពីសំណាក់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជំនួបនេះ ក៏ជាការ​បន្តថែរក្សាកេរតំណែល​នៃភាពជាអ្នកដឹកនាំ​ប្រកប​ដោយគតិ​បណ្ឌិត​ដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

របាយការណ៍របស់ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន ១,៦២០អង្គភាព រួមមាន៖ គេហទំព័រសារព័ត៌មានអនឡាញចំនួន ៨៣៩អង្គភាព, ទូរទស្សន៍ឌីជីថលចំនួន១២ស្ថានីយ, ទូរទស្សន៍អនឡាញចំនួន៩ អង្គភាព, ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន ១២ស្ថានីយ, ទូរទស្សន៍ផ្កាយរណបចំនួន ៣ស្ថានីយ,សែតចំនួន ១២៥អង្គភាព, សមាគមសារព័ត៌មានចំនួន ២៦អង្គភាព, ទស្សនាវដ្តីចំនួន ៦អង្គភាព, ព្រឹត្តិបត្រចំនួន១២អង្គភាព, ទីភ្នាក់ងារ​សារព័ត៌មានបរទេស និងការិយាល័យតំណាង​អចិន្ត្រៃយ៍ចំនួន១៨ អង្គភាព, រោងពុម្ពចំនួន៨៩, សៀវភៅចំនួន ២២អង្គភាព,ភ្នាក់ងារ​ផ្សាយពាណិជ្ជកម្មចំនួន ៣ក្រុមហ៊ុន, វិទ្យុអ៊ែហ្វ​អ៊ឹមចំនួន២៨០ ស្ថានីយ និងវិទ្យុអាអ៊ឹមចំនួន១ស្ថានីយ, ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់មាន១៦ស្ថានីយ,ទូរទស្សន៍ផ្សាយបន្តចំនួន១០១ស្ថានីយ, ទូរទស្សន៍ខ្សែកាបចំនួន៤៦ ស្ថានីយ។

ក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់​តែប្រសើរ។

សម្តេចមហាបវរធិបតី បានលើកឡើងផងដែរថា កម្ពុជា បានចាត់ទុក​សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជា​ធិប​តេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម។ កម្ពុជាបានយកចិត្តទុក​ដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។

សម្តេចប្រមុខរាជរដ្ឋាភីបាល បានបន្តថា រាជរដ្ឋាភិបាលទទួលស្គាល់​ការ​ចូលរួមដ៏សំខាន់ របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដែលជាទំនាក់ទំនងទ្វេមុខក្នុងទិសដៅរួមតែមួយគឺពលរដ្ឋទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទងនឹងច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផល​សម្រេចបានដោយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់​ជាន់ថ្នាក់ជូន​ប្រជាពល​រដ្ឋ និងការក្ដាប់ពីសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់ពលរដ្ឋ​ដើម្បី​រាជរដ្ឋាភិបាលដោះស្រាយ។

សម្តេចមហាបវរធិបតី បានបង្ហាញការប្តេជ្ញាចិត្តផងដែរថា ក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជា​កាន់តែមាន​ភាពរីក​ចម្រើន​ពោរពេញដោយគុណភាព៕