(បាងកក)៖ មន្ត្រីយោធាកម្ពុជា និងថៃ បានបើកកិច្ចពិភាក្សាមួយកាលពីថ្ងៃសុក្រ ទី២ ខែឧសភា ដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយបន្ទាប់ពីនោះរដ្ឋាភិបាលទាំង២បានឯកភាពគ្នាដកកងទ័ពរបស់ខ្លួនចេញពី ប្រាសាទតាមាន់ធំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានផ្ដល់ព័ត៌មានសង្ខេបខ្លី ក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការព្រំដែនថៃ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្តោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប្រាសាទ។ កិច្ចប្រជុំនោះក៏មានការចូលរួមផងដែរពីសំណាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក Tea Seiha។

លោក Phumtham បានទទួលស្គាល់ថាភាគីទាំង២បានឯកភាពដកកងទ័ពទៅកាន់ទីតាំងឈរជើងដើមវិញរៀងៗខ្លួន ហើយយល់ព្រមរក្សាការអត់ធ្មត់។ ការទំនាក់ទំនងបានប្រព្រឹត្តកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល។ ចំណែក ប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំង២ ក៏បានពិភាក្សាគ្នាដែរពីបញ្ហាព្រំដែន។

គួរបញ្ជាក់ថា សារព័ត៌មាន Bangkok Post ដោយផ្អែកលើប្រភពទទួលបានពីយោធាថៃ បានឱ្យដឹងថាកិច្ចចរចារវាងកម្ពុជា និងថៃ បានធ្វើឡើងកាលពីថ្ងៃសុក្រ ដើម្បីទប់ស្កាត់កុំឱ្យមានជម្លោះផ្ទុះឡើងនៅតាមតំបន់ព្រំដែន ក្នុងនោះរួមមានទាំងតំបន់នៅក្បែរប្រាសាទតាមាន់ធំ។ ប្រភពនេះដដែលបន្ថែមថាយោធាថៃនឹងគោរពតាមបទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយភាគកម្ពុជា ដើម្បីធានាថា ការសម្របសម្រួលត្រូវបានអនុវត្ត។ ក្នុងករណីការអនុវត្តការសម្របសម្រួលទទួលបរាជ័យ នោះភាគីទាំងសងខាងនឹងរាយការណ៍ជូនថ្នាក់លើរបស់ខ្លួន៕