(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ឬទំនើបយ៉ាងណា ក៏នៅតែអាស្រ័យលើមនុស្ស ដែលជាអ្នកប្រើប្រាស់ និងកំណត់ថា បច្ចេកវិទ្យានេះ គ្រោះថា្នក់ ឬក៏មិនគ្រោះថា្នក់។
បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន នៅតែមានតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយទាំងឡាយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន នៅទូទាំងប្រទេស លើកទី៧ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រឹងនូវអភិក្រម ពង្រឹងនូវក្រមសីលធម៌ និងការទទួលខុសត្រូវ របស់អ្នកចែកចាយព័ត៌មាន នៅតែជាគន្លឹះ ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាទាំងអស់នេះ។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អាវុធទំនើបយ៉ាងម្ដេចក៏ដោយ ក៏មិនអាចសម្លាប់មនុស្សបានដែរ មានតែមនុស្សទេ ដែលសម្រេចចិត្ដបាញ់គ្នា ឬមួយក៏បង្កើតសង្គ្រាម»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា បច្ចេកវិទ្យា AI ឬក៏បច្ចេកវិទ្យាឌីជីថល តាមទូរស័ព្ទដៃក្ដី វាគ្រោះថ្នាក់ ឬក៏មិនគ្រោះថ្នាក់ វាអាស្រ័យទៅលើមនុស្សជាអ្នកប្រើ ហើយក្នុងនោះ តួរអង្គអ្នកសារព័ត៌មាន គឺជាតួរអង្គសំខាន់ នៅក្នុងការធានា និងជួយទប់ធ្វើយ៉ាងម្ដេច កុំឲ្យ AI ក្លាយទៅជាគ្រោះថ្នាក់ ដល់សង្គមជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា បណ្តាញសង្គមដើរតួនាទី កាន់តែសំខាន់ ក្នុងការបើកឱកាស ឱ្យពលរដ្ឋលើកបង្ហាញភាពអសកម្មនៃការដឹកនាំរដ្ឋ។ សម្តេចមើលឃើញថា ការផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ចរាចរ ត្រូវបានកាត់បន្ថយ ជាការបង្ហាញភាពចាស់ទុំ ផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សង្គមស៊ីវិល័យ ជាការយល់ដឹងខ្ពស់ ការគោរពគ្នាខ្ពស់ សីលធម៌ខ្ពស់ មិនមែនជាសង្គម ដែលមានលុយច្រើននោះទេ។ មានលុយទិញ ឡានថ្លៃជិះ តែខ្វះសីលធម៌ លើការបើកបរជាមនុស្សព្រៃ។ សម្តេចបានថ្លែងថា គ្មាននរណាស្រឡាញ់ និងថែរក្សាអាជីពសារព័ត៌មានខ្លាំង ជាងអ្នកសារព័ត៌មាននោះទេ៕