(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេសច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ម្សិលម្ងៃនេះខ្ញុំបាននិយាយអំពីរឿង ផ្ទៃក្រឡាដីរបស់កម្ពុជា ផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់តាំងពីតូចមក គឺ១៨១,០៣៥ គីឡូម៉ែត្រការ៉េ តើមានបងប្អូនណាខ្លះដែលបានចាំនូវផ្ទៃដីនេះ? [.....] ក្នុងនោះខ្ញុំបាននិយថា ផ្ទៃក្រឡាដីរបស់យើងដែលវាសវែងថ្មីនោះ មានផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ មិនទាន់ជាផ្លូវការដែលយើងផ្សព្វផ្សាយនោះទេ ប៉ុន្ដែការណ៍»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងនោះឃើញថា មានបងប្អូនមួយចំនួនបានយកទៅផ្សព្វផ្សាយ ប៉ុន្ដែមិនមែនផ្សព្វផ្សាយ ក្នុងន័យអាក្រកនោះទេ គ្រាន់តែការពន្យល់មិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ [......]។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា «ចំពោះផ្ទៃក្រឡាផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េនេះ យើងបានមកពីណា? គឺក្នុងឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិបានយកកម្មវិធី របស់សហរដ្ឋអាមេរិកមួយ ដើម្បីមកវាស់ចុចព្រុំប្រទល់កម្ពុជា-វៀតណាម ដែលយើងប្រើទិន្នន័យខ្សែព្រុំដែនដែលឯកភាពគ្នា ទី២, ខ្សែព្រុំដែនកម្ពុជា-ឡាវ ដែលបានឯកភាពគ្នា ក្នុងនោះមិនរាប់បញ្ចូល ចំពោះកន្លែងខ្លះដែលពុំទាន់ឯកភាពគ្នា ដោយប្រើប្រាស់ទិន្នន័យ១លើ១០ពាន់ ហើយកម្ពុជា-ថៃ ប្រើប្រាស់ទិន្នន័យ១លើ២០ពាន់ ដូច្នេះប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូច្នេះពីទន្លេមកដល់នេះឃើញ១៨១,៤៣៦គីឡូម៉ែត្រការ៉េ [.....]»៕