(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយស្រុកសូទ្រនិគម បានក្រើនរំលឹកដល់ក្រុមការងារឱ្យយកចិត្តទុកដាក់លើបញ្ហាប្រឈមទាំងឡាយក្នុងជីវភាពរបស់ប្រជាពលរដ្ឋ ហើយប្រឹងប្រែងដោះស្រាយជូនពួកគាត់ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព ក៏ដូចជាជួយឱ្យការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ។
លោកបណ្ឌិត សឹង សំណាង បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសូទ្រនិគម និងក្រុមការងាររាជរដ្ឋាភិបាលចុះឃុំទាំង១០ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥។
ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការរងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកសូទ្រនិគម រួមទាំងក្រុមការងារលេខាធិការដ្ឋានសរុបចំនួនប្រមាណ៣១០នាក់។
លោកបណ្ឌិត សឹង សំណាង បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅតាមមូលដ្ឋានទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលលើការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល។
បន្ថែមពីលើនេះ ក្រុមការងាររាជរដ្ឋាភិបាល ក៏មានតួនាទីសហការរៀបចំវេទិកាសាធារណៈនិងជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋក្នុងន័យធ្វើឱ្យកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋបានដឹងឮទៅដល់ថ្នាក់ដឹកនាំជាតិ។ ក្រុមការងារ ក៏ត្រូវចុះជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលាក្នុងពេលប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ ជំងឺរាតត្បាលផ្សេងៗ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកបណ្ឌិត សឹង សំណាង បានគូសបញ្ជាក់ថា លោកនឹងរៀបចំវេទិកាសាធារណៈនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរនានា ដើម្បីដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋដែលលើកឡើងក្នុងវេទិកា។
ក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង បានណែនាំក្រុមការងារ រាជរដ្ឋាភិបាលចុះជួយស្រុកសូទ្រនិគមត្រូវបំផុសពីគុណតម្លៃនៃសន្តិភាព ហើយរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាពនៅកម្ពុជា ជាពិសេសការចូលរួមការពារសន្តិភាពដែលជាអាយុជីវិតរបស់ប្រទេសជាតិតាមរយៈការលើកកម្ពស់សន្តិសុខជាតិធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅសុខដុម និងកាត់បន្ថយនៅភាពអសកម្ម និងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ។
ក្នុងឱកាសនោះលោកបណ្ឌិត ក៏បានក្រើនរំលឹកក្រុមការងារឱ្យតាមដានស្វែងយល់ក្ដាប់ឱ្យជាប់ការវិវត្តនៃជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ និងនៅតាមជនបទដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានៅពេលប្រជាជនជួបការលំបាក។ ជាមួយគ្នានេះត្រូវយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលកំពុងប្រកបរបរអាជីវកម្ម ឬផលិតកម្មតូចតាចសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈការជំរុញអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានលំនឹង និងភាពកក់ក្ដៅក្នុងការរស់នៅ និងប្រកបអាជីវកម្ម។ តួនាទីសំខាន់មួយទៀតគឺការជំរុញការផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ៕