(ព្រៃវែង)៖ លោក សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញបិទ «វគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន» របស់យុវជនគណបក្សខេត្ត ចំនួន១៦៥នាក់ ស្រី៧៧នាក់។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធាន សមាជិកយុវជនគណបក្សស្រុក និងយុវជនគណបក្សឃុំ សរុបប្រមាណ ៦៥០រូប។
ឆ្លៀតក្នុងឱកាសនោះលោក សួន សុម៉ាលីន បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានារបស់យុវជនគណបក្សខេត្ត ក្រុង ស្រុក នៃខេត្តព្រៃវែង ក៏ដូចជាវគ្គបណ្ដុះបណ្ដាលរបស់យុវជនគណបក្សខេត្តនាពេលនេះ។
លោកបានបន្ថែមថា ក្រៅពីថ្នាក់ដឹកនាំទាំងពីរខាងលើ យើងទាំងអស់គ្នាក៏ចងចាំមិនភ្លេចនូវសម្តេចទាំងបីគឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដែលបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ និងធ្វើការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានេះ លោកបន្តថា ក្នុងនាមយើងទាំងអស់គា្នជាយុវជនគណបក្សប្រជាជនកម្ពុជា គឺត្រូវបន្តអនុវត្តជានិច្ចតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំគណបក្ស និងដាច់ខាតចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលប្រទេសជាតិទទួលបានតាមរយៈការលះបង់ដ៏ធំធេង របស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរួមគ្នាបង្កើនឲ្យមានការចូលរួមពីយុវជនបន្ថែមទៀត។
បន្ថែមលើសពីនេះ យុវជនត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែម ទាំងផ្នែកចំណេះដឹង ទាំងផ្នែកជំនាញអនុវត្តន៍ និងត្រូវរក្សាឲ្យបាននូវភាពថ្លៃថ្នូរ ជៀសវាងការប្រើប្រាស់នូវពាក្យសម្តីអសុរោះ ទាំងក្នុងបណ្ដាញសង្គម និងក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ៕