(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) បានជូនដំណឹងថា កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ Page facebook «អនាគតថ្មី» បានផ្សាយអំពីករណីវិវាទដីធ្លីដែលក្រសួងកំពុងពិនិត្យដោះស្រាយ រវាងប្រជាពលរដ្ឋជាមួយឈ្មោះ លី សាយឃាង ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងសង្កាត់អូរឫស្សី សង្កាត់ផ្សារកណ្តាល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នករណីវិវាទខាងលើ ក្រសួង ដ.ន.ស បានសម្របសម្រួលដោះស្រាយបញ្ចប់មួយចំនួន តាមគោលការណ៍ឈ្នះឈ្នះ និងកំពុងបន្តពិនិត្យដោះស្រាយជាមួយភាគីពាក់ព័ន្ធដែលនៅសេសសល់។
ក្រសួង ដ.ន.ស និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ យល់ឃើញថាការបំផុសបំផុល ញុះញង់ និងចលនាប្រមូលផ្តុំរបស់បុគ្គលមួយចំនួនរួមមានឈ្មោះ ង៉ោ ម៉េងជ្រួន, ពៅ វណ្ណា, សាន តេង និងឈ្មោះ តាន់ គឹមរិទ្ធ គឺប្រាសចាកពីស្មារតី និងយន្តការដោះស្រាយបញ្ចប់វិវាទរបស់ក្រសួង ហើយវេទិកា Facebook មិនមែនជាកន្លែងសម្រាប់ដោះស្រាយបញ្ហានោះ៕