(សៀមរាប)៖ សម្ព័ន្ធភាពបារាំង ខេត្តសៀមរាប (Alliance Française Siem Reap) បានរៀបចំពិព័រណ៍លើកទី ៣ នៃភាពយន្តនិយាយភាសាបារាំង ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ដល់០៥ ខែឧសភា ឆ្នាំ២០២៥ នៅរោងភាពយន្ត LEGENG ខេត្តសៀមរាប។
ព្រឹត្តិការណ៍ដ៏ពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ប្រារព្ធឡើងដើម្បីអបអរសាទរអំពីភាពចម្រុះ និងភាពសម្បូរបែបនៃរោងភាពយន្ត ដែលចាក់បញ្ចាំងភាពយន្តនិយាយភាសាបារាំង ក្រោមការរៀបចំដោយ សមាគមសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប។
ពិព័រណ៍ប្រកបដោយមហិច្ឆតា និងភាពចម្រុះនេះ បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០២០ ពិព័រណ៍ភាពយន្តនិយាយភាសាបារាំង ក្នុងខេត្តសៀមរាប ទទួលបានភាពជោគជ័យ ដែលកើនឡើងជាលំដាប់។ សម្រាប់ពិព័រណ៍លើកទី០៣នេះ មានការគាំទ្រពីអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី ( LA FRANCOPHONIE ) ហៅកាត់ថា OIF និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅក្នុងឆ្នាំ២០២៦។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិកោ អ្នករៀបចំពិព័រណ៍លើកទី៣នេះ បានឲ្យដឹងថា ពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌ ពីគ្រប់ប្រទេសដែលប្រើប្រាស់ភាសាបារាំង ក្នុងនោះមានប្រទេសចំនួន ៩៥ប្រទេស និងមានប្រជាពលរដ្ឋប្រមាណជាង ៥០០លាននាក់។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថ ធម្មិកោ បន្តថា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ប្រទេសដែលប្រើប្រាស់ភាសាបារាំងឆ្នាំ២០២៦។ សម្ព័ន្ធភាពបារាំង ខេត្តសៀមរាប មានកិត្តយស រៀបចំពិព័រណ៍លើកទី៣នេះ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានយល់ពីវប្បធម៌ និងអរិយធម៌ ប្រទេសដែលប្រើប្រាស់ភាសាបារាំង។
ព្រះអង្គម្ចាស់ បានបន្តថា នេះជាលើកទី៣ហើយ ដែលសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប (Alliance Française Siem Reap) បានរៀបចំពិព័រណ៍នេះ ដោយលើកទី១ នៅក្នុងឆ្នាំ២០២០, លើកទី២ នៅក្នុងឆ្នាំ២០២៣ មានភាពយន្តចំនួន១៣រឿង និងលើកទី៣ នៅក្នុងឆ្នាំ២០២៥នេះ មានភាពយន្តចំនួន ១៩រឿងផងដែរ។
អ្នកស្រី អ៊ុំ សោភា ប្រធានកិត្តយសសម្ព័ន្ធភាពបារាំង ខេត្តសៀមរាប បានឲ្យដឹងថា ការរៀបចំពិព័រណ៍នេះឡើង ក៏មានគោលបំណង ដើម្បីផ្សព្វផ្សាយភាសាបារាំងដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានយល់ពីវប្បធម៌ និងអរិយធម៌ ពីប្រទេសដែលប្រើប្រាស់ភាសាបារាំង និងចូលរួមសិក្សាភាសាបារាំងឲ្យបានច្រើន ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងការងារ និងមុខជំនួញផ្សេងៗ។
អ្នកស្រី អ៊ុំ សោភា ក៏បានអំពាវនាវសិស្សានុសិស្សទាំងអស់ សូមចូលរួមរៀនភាសាបារាំងឲ្យបានច្រើន ព្រោះភាសានេះមានសារៈសំខាន់ ដូចជា៖ ទាក់ទងការងារក្និងវិស័យសុខាភិបាល និងផ្នែកច្បាប់ ព្រមទាំងទាក់ទងនឹងការងារផ្សេងៗជាច្រើនទៀត។ ជាពិសេស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ដូចបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវរៀនភាសាបរទេសឲ្យបានច្រើន។
សូមបញ្ជាក់ថា ពិព័រណ៍នេះ នឹងចាក់បញ្ចាំង ខ្សែភាពយន្តពិសេសចំនួន ១៩ នៅជុំវិញពិភពភាពយន្តនិយាយភាសាបារាំង ដូចជា៖ អឺរ៉ុប "Une part manquante" (Belgium), "The Count of Monte Cristo" (France), "Sauvages" (Switzerland), among others, អាហ្វ្រិក៖ "Black Tea" (Mauritania), "Mambar Pierrette" (Cameroon), "Aicha" (Tunisia), អាស៊ី៖ "Rendez-vous with Pol Pot" (Cambodia), "White Building" (Cambodia), "The Enchanted Forest" (Cambodia) និងអាមេរិកខាងជើង៖ "Hôtel Silence" (Quebec)។ ក្នុងរឿងទាំង ១៩រឿងនេះ ក៏មានរឿងមួយ ដែលជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋផងដែរ៕