(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ពោលនៅឆ្នាំ២០១៦ សូមអញ្ជើញមកធ្វើទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មីឱ្យបានគ្រប់ៗគ្នា ខណៈចំនួនប្រជាពលរដ្ឋដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពមានចំនួនជាង៦លាននាក់។ ជាមួយគ្នានេះដែរ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ចាប់ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ការិយាល័យចុះបោះឆ្នោតនៅតាមឃុំ សង្កាត់ទាំងអស់ នៅទូទាំងប្រទេស បានបើកដំណើរការទាំងអស់ ដោយមិនមានការរាំងស្ទះនោះឡើយ។

ការអំពាវនាវបែបនេះរបស់លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

លោក ប្រាជ្ញ ចន្ទ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងបន្ថែមការធ្វើបច្ចុប្បន្នភាពជីវមាត្រ មានន័យថាប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតចាប់ពីឆ្នាំ២០១៦ មក គឺមានរយៈពេល១០ឆ្នាំ អញ្ចឹងហើយគឺអ្វីៗគឺអាចប្រែប្រួល មុខ និងខ្ចៅដៃ ដូច្នេះ សូមអញ្ជើញប្រជាពលរដ្ឋដែលជាង ៦លាននាក់ ទូទាំងប្រទេសមកធ្វើបច្ចុប្បន្នភាព ជីវមាត្រ»

ជាមួយគ្នានេះដែរ ប្រធាន គ.ជ.ប បានលើកឡើងថា សន្ទុះរយៈពេលប៉ុន្មានថ្ងៃនេះមានប្រជាពលរដ្ឋកើនឡើងបន្តិច មកធ្វើបច្ចុប្បន្នភាពជីវមាត្រ ក៏ប៉ុន្តែ សន្ទុះនេះនៅតែមិនទានលឿនដូចអ្វីដែល គ.ជ.ប ដើម្បីឆ្លើយតបនឹងបរិមាណនៃចំនួនប្រជាពលរដ្ឋជាង ៦លាននាក់ ដែលត្រូវធ្វើបច្ចុប្បន្នភាពជីវមាត្រ។ តាមសន្ទុះនេះអាចប៉ាន់ប្រមាណថាចំនួនប្រជាពលរដ្ឋដែលនឹងត្រូវបច្ចុប្បន្នភាពជីវមាត្រនឹងមិនបានចំនួន១លាននាក់ ក្នុងឆ្នាំ២០២៥នេះនោះទេ។

តាមរយៈបទសម្ភាសដដែល លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា បើតាមផែនការរបស់ គ.ជ.ប នឹងមានប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាពជីវមាត្រ យ៉ាងតិចជា ១លាននាក់។ ពីព្រោះចំនួនប្រជាពលរដ្ឋ ដែលត្រូវមកធ្វើបច្ចុប្បន្នភាពជីវមាត្រ ជាង៦លាននាក់ឯណោះ។ គិតចាប់ពីថ្ងៃ១ ខែឧសភា ដែលមានរយៈពេល៥ថ្ងៃ នៃការបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺសន្ទុះប្រជាពលរដ្ឋបានអញ្ជើញមកពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

ប្រធាន គ.ជ.ប ក៏បានរម្លឹកទៅអាជ្ញាធរមូលដ្ឋានសូមបែងចែកពេលវេលាជូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានពេលវេលា សម្រាប់ធ្វើបច្ចុប្បន្នភាពជីវមាត្រ។ ការធ្វើបច្ចុប្បន្នភាពជីវមាត្រ នេះគឺមានបំណងថែករក្សាបញ្ជីឈ្មោះបោះឆ្នោតនៅតែល្អ ដូចអ្វីដែលធ្លាប់ធ្វើសវនកម្ម រៀងរាល់ឆ្នាំថា បញ្ជីឈ្មោះបោះឆ្នោតបច្ចុប្បន្ននេះ គឺមានកម្រិតល្អជិត១០០ភាគរយ ពោល គឺ ១០០លើ ៩៨ភាគរយទៅហើយ។

លោកបានបន្តថា ការធ្វើបច្ចុប្បន្នភាពលើលើរូបថត និងខ្ចៅដៃសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ (ពីឆ្នាំ២០១៦ចុះក្រោម) សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។

បើតាម គ.ជ.ប សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ ដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីជាមានង២២ម៉ឺននាក់៕