(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានបង្ហាញពីករណីជំងឺជំងឺអង់ត្រាក់​ (ពិសធ្យូង) ដែលកំពុងកើតមានឡើងនៅប្រទេសថៃ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា ខេត្តមុដាហាន​ ប្រទេសថៃ​ បានរកឃើញវិជ្ជមានជំងឺ​អង់ត្រាក់​ (ពិសធ្យូង)​ ពីរ​ករណី​លើមនុស្ស ក្នុងនោះមួយករណី បានស្លាប់អាយុ៥៣ឆ្នាំ ភេទប្រុស​ និងម្នាក់ទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យ​។

មូលហេតុ​ដែលឆ្លងជំងឺនេះ​ ដោយសារពួកគាត់បរិភោគសាច់គោឆៅ​ ដែលមានឆ្លងមេរោគបាក់តេរី​ អង់ត្រាក់​។ ជំងឺនេះ មានឱសថព្យាបាលជាបាន​ ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់​។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC, ជំងឺ ​Anthrax ​(ពិសធ្យូង)​ គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ​ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ​ ក្របី​ ជាដើម​។

ជំងឺ​បង្កឡើងដោយមេរោគបាក់តឹរីនេះ មានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗ ជាមួយនឹងថ្នាំអង់ទីប៊ីយោទិច គឺមានសារៈសំខាន់ណាស់ សម្រាប់ការរស់រានមានជីវិត។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ១១៥៕