(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបន្តទុកចិត្ត និងជឿជាក់លើក្រសួងការងារ និងស្ថានទូតខ្មែរប្រចាំនៅថៃ លើករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។

លោក ស៊ុន មេសា បានបញ្ជាក់យ៉ាងដូច្នេះថា៖ ម្សិលមិញនេះ មានការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា រកឃើញសពជនជាតិខ្មែរ នៅបាក់រលំក្នុងទីក្រុងបាងកក។ ការពិតនៃរឿងនេះ គឺអាជ្ញាធរថៃបានរកឃើញសពម្នាក់ដែលមើលមិនស្គាល់អត្តសញ្ញាណ ហើយបានឃើញឯកសាររបស់ពលករខ្មែរនៅទីតាំងក្បែរៗគ្នានោះ ដែលមានឈ្មោះថា គិម សី ប៉ុន្តែអាជ្ញាធរថៃ មិនទាន់បញ្ជាក់ថាជាជនជាតិថៃ ភូមា ឬខ្មែរនៅឡើយទេ ដោយអាជ្ញាធរថៃត្រូវការពិនិត្យ និងផ្ទៀងផ្ទាត់ DNA ទើបអាចបញ្ជាក់បាន។

ក្រសួងការងារ បាននិងកំពុងតាមដាន និងយកចិត្តទុកដាក់ ព្រមទាំងសម្របសម្រួលជាប្រចាំតាមការចាំបាច់ក្នុងជួយសម្រួលបងប្អូនសាច់ញាតិពលករទាំងការធ្វើដំណើរ និងសម្រួលឯកសារជាដើម។ រឿងគ្រោះរញ្ជួយដីនេះ ជាការរឿងគ្រោះធម្មជាតិ គួរឱ្យសង្វែកណាស់ទាំងខ្មែរ ថៃ និងភូមា។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ ក៏សូមបន្តអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបន្តទុកចិត្ត និងជឿជាក់លើក្រសួងការងារ និងស្ថានទូតខ្មែរប្រចាំនៅថៃលើករណីនេះ។ មន្ត្រីយើងយកចិត្តទុកដាក់ណាស់ មិនទុកប្រជាជនចោលដោយមិនទទួលខុសត្រូវឡើយ៕