(សៀមរាប)៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្តសៀមរាប ជូនដល់សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ចំនួន ៩០នាក់ ដែលដឹកនាំដោយលោក ស៊ាន សុព័ន ព្រឹទ្ធបុរស មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាជាតិជាស៉ីមកំចាយមារ ខេត្តព្រៃវែង។
ការធ្វើបទបង្ហាញ និងចែករំលែកនេះ មានចូលរួមពីនាយកទីចាត់រដ្ឋបាលខេត្ត ពីមន្ត្រីទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញចូលតែមួយខេត្ត និងលោកប្រធានផ្នែកស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ចំណុះសាលាខេត្តសៀមរាប ជាវាគ្មិនផងដែរ។
វាគ្មិន ក៏បានធ្វើបទបង្ហាញអំពីរបៀបរបបនៃការគ្រប់គ្រងឯកសារ និងចរាចរលិខិតនានាទៅតាមទីចាត់ការ និងអង្គភាពបានល្អ ព្រមទាំងអំពីនិតិវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងនីតិវិធីនិងដំណើរការគ្រប់គ្រង នៃការផ្តល់សេវាសាធារណៈ របស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងតួនាទី ភារកិច្ច លើកវិធីសាស្ត្រ សម្រុះសម្រួល ដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ តាមរយៈការិយាល័យប្រជាពលរដ្ឋខេត្ត។
លោក ឌី រ៉ាដូ បានលើកឡើងថា ក្នុងនាមគណៈអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សមណនិសិ្សត និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមា ដែលបានអញ្ជើញមកដល់ទឹកដីអច្ឆរិយៈអង្គរដ៏រុងរឿង និងចូលរួមក្នុងកម្មវិធីបទបង្ហាញនាថ្ងៃនេះ។
លោកបានបន្តថា កម្មវិធីនេះ គឺជាការបើកចំហរ និងផ្ដល់កាលានុវត្តភាពថ្មីមួយដល់សមណនិសិ្សត និងប្អូនៗនិស្សិត ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត ពីការគ្រប់គ្រងការងាររដ្ឋបាលជាក់ស្តែងនៅខេត្តសៀមរាប ក្នុងឆ្លុះបញ្ចាំងនឹងទ្រឹស្តី។
លោក ឌី រ៉ាដូ បន្ថែមថា លើសពីនេះទៅទៀត កម្មវិធីនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សឲ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយនេះដែរ ការធ្វើបទបង្ហាញចែករំលែកលើប្រធានបទពាក់ព័ន្ធ ទៅនឹងការសិក្សា របស់និសិ្សតទាំងអស់ ក្នុងការទទួលបាននូវបទពិសោធន៍នានា ក្នុងការអនុវត្តការងារជាក់ស្តែងរបស់ខេត្ត។ ដូច្នេះ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមថា ប្អូនៗនិស្សិតនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗ តាមការរំពឹងទុក និងស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សានៅលើទឹកដីប្រវត្តិសាស្ត្រនេះ៕