(កំពង់ស្ពឺ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងរបស់ស្រ្តីម្នាក់ដែលអះអាងថា ប្តីរបស់គាត់ត្រូវបានជនល្មើសកាប់ដោយពូថៅ កាលពីដើមឆ្នាំ២០២៣ តែមិនទាន់ត្រូវបានចាប់ខ្លួន។
តាមរយៈសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានរៀនរាប់ពីដំណើររឿងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១៖ ១៥នាទីយប់ មានករណីហិង្សាដោយចេតនានៅចំណុចផ្ទះឈ្មោះ ស្វាយ អ៉ិត នៅភូមិអន្លង់ស្ងោរ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យឈ្មោះ ភោគ រិទ្ធា ហៅទូច អាយុ២៥ឆ្នាំ រស់នៅភូមិអន្លង់ស្ងោរ ឃុំស្ទះ ស្រុកសំរោងទង ដោយបានយកពូថៅកាប់លើឈ្មោះ ជុំ ប៊ុនគឹម អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃស្តុក ឃុំមហាសាំង ចំក្បាលផ្នែកខាងស្តាំ។ ក្រោយប្រព្រឹត្តសកម្មភាព ជនបង្កបានរត់គេចខ្លួន រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យព្រះសង្ឃដើម្បីព្យាបាលរបួស។
ក្រោយមានហេតុការណ៍ហិង្សានេះកើតឡើង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះអន្តរាគមន៍ភ្លាមៗ តែជនបង្កបានគេចខ្លួនមិននៅកន្លែងកើតហេតុ មិនដូចការលើកឡើងរបស់ស្រ្តីជាប្រពន្ធជនរងគ្រោះឡើយ។
ពេលនោះសមត្ថកិច្ចមូលដ្ឋាន បានបន្តធ្វើកំណត់ហេតុ គូសប្លង់ពិនិត្យកន្លែងកើតហេតុ និងធ្វើកំណត់ហេតុបំភ្លឺសាក្សីមួយចំនួន តែដោយសារស្ថានភាពយប់អាធ្រាត្រ ជនបង្កឆ្លៀតឱកាសរត់គេចខ្លួន សមត្ថកិច្ចបានបន្តនីតិវិធីកសាង សំណុំរឿងបទល្មើសជាក់ស្តែងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ត។
បច្ចុប្បន្នក្រោយនីតិវិធី នគរបាលបានបញ្ជូនសំណុំរឿងករណីជនសង្ស័យឈ្មោះ ភោគ រិទ្ធា ហៅទូច ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចំណាត់ការបន្ត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ រួចតំណាងអយ្យការ បានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអាវុធ»។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សំណុំរឿងស៊ើបសួរត្រូវបានបិត និងបានបញ្ជូនទៅជំនុំជម្រះ។
សម្រាប់ករណីនេះ ចៅក្រមជំនុំជម្រះ បានចេញដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនឈ្មោះ ភោគ រិទ្ធា ហៅទូច កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់បញ្ជូនខ្លួន មកដាក់ពន្ធនាគារអនុវត្តទោសតាមច្បាប់ កំណត់។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានរម្លឹកផងដែរថា ជនរងគ្រោះឈ្មោះ ជុំ ប៊ុនតឹង ក៏ធ្លាប់មានទំនាស់ពាក្យសំដីគ្នាជាមួយឈ្មោះ ភោគ រិទ្ធា ហៅទូច ហើយបានទាញយកកាំបិតប៉័ងតោកាប់ទៅលើឈ្មោះ ភោគ រិទ្ធា បណ្តាលឱ្យរងរបួសដៃខាងឆ្វេងដេរ ៣០ថ្នេរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។
ក្រោយហេតុការណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ព្រឹក កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទុះ ឃាត់ខ្លួនឈ្មោះ ជុំ ប៊ុនគឹម យកមកធ្វើការសាកសួរ ហើយឈ្មោះ ជុំ ប៊ុនតឹម បានឆ្លើយទទួលស្គាល់ថា ពិតជាបានយកកាំបិតប៉័ងតោកាប់ទៅលើឈ្មោះ ភោគ រិទ្ធា បណ្តាលឱ្យមានរបួសប្រាកដមែន។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនឈ្មោះ ជុំ ប៊ុនគឹម រួមជាមួយវត្ថុតាងទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ រួចបញ្ជូនបន្តទៅអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ចាត់ការបន្ត ហើយចុងក្រោយត្រូវបានចៅក្រមសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ។
ចំពោះការលើកឡើងរបស់ភាគីប្រពន្ធ (ជុំ ប៊ុនតឹម) ថា នគរបាលបញ្ឆោត ហៅប្តីគាត់រួចយកទៅដាក់បន្ទប់២៤ម៉ោង រួចបញ្ជូនទៅតុលាការបន្តឃុំខ្លួននៅពន្ធនាគារខេត្តនោះ គឺករណីជាការអនុវត្តច្បាប់ លើបទល្មើសជាក់ស្តែង (ករណីហិង្សាដោយចេតនាមានអាវុធ) មិនមែនដូចការលើកឡើងផ្ទុយពីអង្គហេតុ និងអង្គច្បាប់នោះទេ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រោយទទួលបានដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ, កម្លាំងនគរបាលជំនាញខេត្ត និងស្រុក បន្តស្រាវជ្រាវ និងសហការ ដើម្បីតាមចាប់ខ្លួនឈ្មោះ ភោគ រិទ្ធា ហៅទូច មកដាក់ពន្ធនាគារ ដោយមិនព្រងើយកណ្តើយនោះទេ៕