(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលគណៈប្រតិភូពីក្រុមហ៊ុន តេ ហ្សុង (TE Zhong Shebei Jianche Yanjiu Yuan) ដឹកនាំដោយលោក Long Xiongfei និងបានពិភាក្សាអំពីការលើកកម្ពស់សុវត្ថិភាពឧស្សាហកម្មនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបសំដែងការគួរសមនោះ លោក Long Xiongfei បានលើកឡើងថា «ក្រុមហ៊ុន តេ ហ្សុង នាំយកបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រទេសចិន និងជំនាញត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាព ឧបករណ៍-គ្រឿងចក្រ សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម»។
លោកបានឲ្យដឹងទៀតថា «ក្រុមហ៊ុនក៏គ្រោងសហការ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគ្រប់រូបភាព រួមទាំងការបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេស ដើម្បីជួយពង្រឹង និងធ្វើឱ្យឧបករណ៍-គ្រឿងចក្រ ដែលប្រើប្រាស់ក្នុងរោងចក្រ កាន់តែមានសុវត្ថិភាពខ្ពស់»។
ការលើកកម្ពស់សុវត្ថិភាពឧស្សាហកម្ម ជាអាទិភាពរបស់កម្ពុជា ទន្ទឹមនឹងការរីកចម្រើននៃវិស័យកម្មន្តសាល។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងជំរុញការអនុវត្តស្តង់ដារសុវត្ថិភាព តាមបណ្តារោងចក្រ-សហគ្រាស ដើម្បីកាត់បន្ថយហានិភ័យនៅកន្លែងធ្វើការ និងទាក់ទាញការវិនិយោគបន្ថែមទៀត។
ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រី ហែម វណ្ណឌី បានថ្លែងនូវការអបអរសាទរ ចំពោះមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសកម្ពុជា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោកបានបញ្ជាក់យ៉ាងខ្ពស់អំពីសារៈសំខាន់របស់មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសកម្ពុជា ក្នុងការធានាប្រតិបត្តិការ ប្រកបដោយសុវត្ថិភាពនៃឧបករណ៍ពិសេសរបស់កម្ពុជា ហើយបានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលនេះ នឹងចូលរួមចំណែកក្នុងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង នូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព នៃឧបករណ៍ពិសេសរបស់កម្ពុជា។
រដ្ឋមន្ត្រី ហែម វណ្ណឌី សង្ឃឹមថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសកម្ពុជា ក៏ចូលរួមពេញលេញដល់ក្នុងការបណ្តុះបណ្ដាលទេពកោសល្យវិជ្ជាជីវៈ និងធនធានមនុស្ស ហើយនិងបង្កើតឱកាសការងារកាន់តែច្រើនបន្ថែមទៀត ដល់ទីផ្សារការងារសម្រាប់កម្ពុជា។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រី ហែម វណ្ណឌី សង្ឃឹមថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសកម្ពុជា និងក្រសួងឧស្សាហកម្ម នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃ ធ្វើការផ្លាស់ប្តូរស៊ីជម្រៅលើគ្រោះថ្នាក់សុវត្ថិភាព ដែលបានរកឃើញក្នុងដំណើរការត្រួតពិនិត្យ និងធ្វើតេស្ត និងរួមគ្នាកសាងខ្សែសុវត្ថិភាពរឹងមាំ សម្រាប់ឧបករណ៍ពិសេស៕