(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលបង្កើតឡើងវិញដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីឆ្នាំ១៩៩៧ គឺបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីគុណតម្លៃ នៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងរយៈពេល២៨ឆ្នាំមកនេះ។
ជាក់ស្ដែងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា គម្រោងអភិវឌ្ឍប្រព័ន្ធចម្លោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន សំដៅចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាពរបស់ប្រជាជន ជាពិសេស អ្នករស់នៅក្នុង និងជុំវិញក្រុងតាខ្មៅ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំនេះ ជាឆ្នាំទី២៨ នៃទំនាក់ទំនងការទូតផ្លូវការកម្ពុជា-កូរ៉េខាងត្បូង ពីមុនទំនាក់ទំនងបានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៧០ តែចាប់ផ្ដើមឡើងសឹងតែរលុបទៅវិញដោយសារជំនាន់ខ្មែរក្រហម តែក្រោយមកសម្ដេចតេជោ ក៏បានពុះពារក្នុងការតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ជាមួយសាធារណៈរដ្ឋកូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្នុងឆ្នាំកន្លងទៅនេះ ពិសេសនៅពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចទៅកាន់សាធារណៈរដ្ឋកូរ៉េ ក៏បានលើកកម្រិតការទូតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនឹងបង្កើននូវសហថាមពលសហការរួមគ្នា។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវអំណរគុណជាអនេកចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ពិសេសលើវិស័យសំខាន់ៗ ដូចជា៖ វិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ, សុខាភិបាល, ការងារ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការទទួលយកពលករកម្ពុជាជាច្រើន ទៅបម្រើការងារនៅ ប្រទេសកូរ៉េក្នុងលក្ខខណ្ឌល្អប្រសើរគួរជាទីទុកចិត្ត៕