(សៀមរាប)៖ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងរាត្រីស្រមោលសរ មនុស្សធម៌ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័ត្រចិត្ត ដើមី្បសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

ពិធីនេះធ្វើឡើងក្នុងគោលពំណង ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗ ដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ឬឧបទ្ទវហេតុផ្សេងៗ ដោយមិនបានប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ, លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបជាច្រើនចូលរួមផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្នុងរាត្រីស្រមោលស អបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥នេះ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពីលោក លោកស្រី ជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាពីគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅខេត្តកន្លងមក កាន់តែយល់ដឹងច្រើន អំពីវប្បធម៌ នៃការចែករំលែកសម្រាប់ការងារជួយសង្គម និងបានញ៉ាំងឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានលទ្ធភាពគ្រប់គ្រាន់ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលាដោយមានប្រសិទ្ធភាព។

សម្តេចពិជ័យសេនា បានបន្តថា ការចូលរួមគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺជាការចូលរួមជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងររបស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ។

សម្តេចពិជ័យសេនាបន្តថា ក្នុងរយៈពេលកន្លងមកនេះ សាខាបានជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានយ៉ាងរហ័សនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនមានភាពរើសអើង និងមានតម្លាភាពខ្ពស់។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយរងគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង៥ម៉ឺននាក់។

សម្តេចពិជ័យសេនា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទំាងអស់ បន្តប្រពៃណីវប្បធម៌ចែករំលែកធ្វើសកម្មភាពសាមគ្គីគ្នា រួបរួមគ្នាបន្ថែមទៀត ដើម្បីធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនជឿនលឿនទៅមុខទៀត។ លោក ប្រាក់ សោភ័ណ បានលើកដែរថា ឆ្នាំនេះសាខាកាកបាទក្រហមកម្ពុជាខេត្ដ បានរៀបចំរាត្រីស្រមោលសនេះឡើង ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ក្នុងឱកាសប្រារព្ធខួបទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទំាងអស់ ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត ដោយបានជួយឧបត្ថម្ភជាទឹកប្រាក់ និងសម្ភារជូនដល់កាកបាទក្រហមកម្ពុជា។ លោកប្តេជ្ញាថា នឹងយកថវិកាទំាងនេះ ទៅជួយឲ្យចំគោលដៅនៃការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស គឺនៅពេលជួបនូវគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗផងដែរ៕