(ព្រះវិហារ)៖ ​លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ការបរិច្ចាគឈាមជាទង្វើដ៏មានតម្លៃដែល បង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសង្គមជាតិ។ ​លោកថា «ឈាមដែលបានបរិច្ចាគ នឹងត្រូវប្រើប្រាស់សម្រាប់ការវះកាត់ ព្យាបាលជំងឺធ្ងន់ធ្ងរ និងសង្គ្រោះជីវិតអ្នកជំងឺ ដូចជា ជំងឺមហារីក ជំងឺឈាម អ្នកជំងឺដែលរងរបួសធ្ងន់ និងស្ត្រីឆ្លងទន្លេជាដើម»។​

ការថ្លែងលើកឡើងបែបនេះរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំមន្ត្រីរាជការ ចំណុះរដ្ឋបាលខេត្តព្រះវិហារ មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ​ក្រុង ស្រុកទាំង៨ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់» ដែលបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទព្រះវិហារ នៃអគាររដ្ឋបាលសាលាខេត្តជាន់ទី៣។

សូមបញ្ជាក់ថា ពិធីបរិច្ចាគឈាមដោយស្ម័ក្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» នាពេលនេះ គឺរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការ ផ្គត់ផ្គង់ឈាមជូនដល់មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ក៏ដូចជាអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ក្នុងការព្យាបាល។

នៅក្នុងឱកាសនោះ អភិបាលខេត្តព្រះវិហារ បានថ្លែងថា «ក្លឹបនៃក្តីស្រឡាញ់» បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញយុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមគាំទ្រគោលដៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត១០០% របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សកម្មភាពនេះមិនត្រឹមតែលើកកម្ពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃប៉ុណ្ណោះទេ ថែមទាំងពង្រឹងនូវសុវត្ថិភាព និងនិរន្តរភាពឈាម សម្រាប់សង្គ្រោះជីវិតមនុស្សផងដែរ។

អភិបាលខេត្ត​ព្រះវិហារ បានបញ្ជាក់ថា «ក្លឹបនៃក្តីស្រឡាញ់» ប្តេជ្ញាបន្តរៀបចំកម្មវិធីបរិច្ចាគឈាមជាប្រចាំ ដើម្បីបំពេញតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យ។ សូមបញ្ជាក់ថា កម្មវិធីផ្តល់ឈាមដោយស្ម័គ្រចិត្តនាពេលនេះ មានអ្នកចូលរួម សរុបចំនួន២០០នាក់ ក្នុងនោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមមានចំនួន១៤១នាក់ ស្រី៣៥នាក់។

អ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគមានចំនួន៣៦នាក់ ស្រី២៦នាក់ ឈាមដែលប្រមូលបានមានចំនួន ៨៤សាក់ ដែលមានក្រុមឈាមO+ ចំនួន២៦ សាក់, AB+ ចំនួន ៦សាក់, A+ ចំនួន ១៦សាក់ និង B+ ចំនួន ៣៦សាក់៕