(កណ្ដាល)៖ លោក ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកការដ្ឋានស្ថាបនា ផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង១,៦០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់០.២ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ម្ខាង១ម៉ែត្រ កម្រាស់០.២ម៉ែត្រ ស្ថិតនៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
លោក ប៉ែន ពេជ្រសាលី បានថ្លែងថា ការសាងសង់ផ្លូវបេតុងនេះ ធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងការធ្វើដំណើរ នាពេល កន្លងមក ពិសេសនៅរដូវវស្សា ផ្លូវនេះមានជង្ហុក ហុយ រអិល ដែលពិបាកក្នុងការធ្វើដំណើរ សម្រាប់សិស្សានុសិស្សទៅសាលារៀន ក៏ដូចជាប្រជាពលរដ្ឋទូទៅ នៅក្នុងតំបន់នេះផងដែរ។
លោកថា ការសាងសង់ផ្លូវបេតុងនេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសផ្លូវបេតុងនេះ គឺជាប្រភេទផ្លូវដែលមានភាពធន់ក្នុងការបម្រែបម្រួលអាកាសធាតុ ដែលធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
លោករដ្ឋលេខាធិការ បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ក្នុងឱកាសនោះលោករដ្ឋលេខាធិការ បានស្នើកងវិស្វកម្មលេខស្ពាន-ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានសំណូមពរបងប្អូនប្រជាពលរដ្ឋ ដែលនៅជាប់សងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា កុំដឹកលើសទម្ងន់ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕