(សៀមរាប)៖ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានស្នើប្រតិបត្តិករទេសចរណ៍ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា។ ព្រមទាំង អនុវត្តអនុលោមតាម ស្តង់ដារសេវាកម្មអាស៊ាន ដើម្បីធានាឲ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាពនិងកាន់តែមាន ភាពទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើនជាបន្តបន្ទាប់។

ការស្នើយ៉ាងដូច្នេះរបស់លោក ឌី រ៉ាដូ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់» ដែលរៀបចំឡើងដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប នាថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២៥នេះ។

បន្ទាប់ពីលោកស្រី យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ( ១ឧសភា១៨៨៦ ១ឧសភា ២០២៥ )រួចមក។

លោក ឌី រ៉ាដូ បន្តថា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ ព្រមទាំងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គម ជូនដល់កម្មករ កម្មការិនី និងយុវជនយុវនារី ដែលបានបាត់បង់ និងគ្មានការងារធ្វើតាមរយៈមូលនិធិពិសេសផ្សេងៗ។

លោកបានបន្តថា ចំពោះបញ្ហាវិវាទការងារ សូមឲ្យមានការអត់ធ្មត់ធ្វើការដោះស្រាយដោយសន្តិវិធី តាមនីតិវិធីច្បាប់ស្តីពីការងារ ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកសម្របសម្រួល ជៀសវាងការធ្វើបាតុកម្ម កូដកម្ម នៅតាមទីសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ខេត្ត ឬការបាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗ។ 

លោកបន្ថែមថា ការជ្រើសយកប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់»នេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់កម្មករ និយោជិត និងពង្រឹងយន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមានឡើងជាសត្យានុម័ត សំដៅធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានលើកឡើងថា ទិវាពលកម្មអន្ដរជាតិ គឺជាទិវាថ្ងៃឈប់សម្រាកមួយ ដែលបណ្ដាលប្រទេសជាច្រើនជាង ៨០ប្រទេស ទូទាំងពិភពលោក ប្រារព្វឡើងក្នុងគោលបំណងដើម្បីរំឭក និងឧទ្ទិសដឹងគុណ ដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករ កម្មការនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។

លោកបន្តថា ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្វរៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ឧសភា ។ ក្នុងឆ្នាំ២០២៥នេះគឺជាខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ដែលទិវានេះត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការស៊ីវិល និងជាពិសេសកម្មករ និយោជិត ត្រូវអនុញ្ញាតឲ្យឈប់សម្រាកនៅក្នុងថ្ងៃនេះ។

លោក ច័ន្ទ សុខុមចិត្តា បន្ថែមថា វិស័យឯកជនមានការសហការគ្នាជាមួយស្ថាប័នរដ្ឋបានល្អ ដោយចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ពិសេសជាអ្នកជួយបង្កើតការងារជូនប្រជាពលរដ្ឋឲ្យមានការងារធ្វើ និងចូលរួមលុបបំបាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយនេះ លោកបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងទិវាពលកម្មអន្តរជាតិ ១ឧសភា រាជរដ្ឋបាលភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់កម្មករ និយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើអោយទំនាក់ទំនងវិជ្ជាជីវៈកាន់តែប្រសើរឡើង៕