(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ និងផ្តល់ទស្សនទាននយោបាយដ៏មានតម្លៃ នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាកាតា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយនៅប្រទេសឥណ្ឌូណេស៊ី។ ទស្សនទាននយោបាយរបស់សម្តេច គឺជាផែនទីបង្ហាញផ្លូវមួយដល់អាស៊ាន ដើម្បីការរួមចំណែករបស់កម្ពុជាក្នុងការជួយជម្រុញសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ក្លាយជាតំបន់ដែលកាន់តែមានឥទ្ធិពល។ Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖
ក្នុងយុគសម័យនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាមួយនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងការផ្លាស់ប្តូរតុល្យភាពអំណាចសកលកំពុងតែកើនឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ចក្ខុវិស័យដ៏ជ្រាលជ្រៅមួយ ក្នុងការគិតគូរសម្រាប់អនាគតរបស់អាស៊ាន ដែលជាចក្ខុវិស័យទទួលបានការយកចិត្តទុកដាក់ និងកោតសរសើរយ៉ាងខ្លាំងពីទូទាំងតំបន់និងក្រៅតំបន់។
ក្នុងបទបឋកថាមួយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយនៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន ដែលប្រទេសក្នុងតំបន់ និងពិភពលោក បានទទួលស្គាល់សុះសាយថាជាឥស្សរជនដ៏កំពូលមួយរួបរបស់ប្រទេសកម្ពុជាក្នុងការធ្វើឱ្យជាតិខ្មែរមានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ បានលើកឡើងអំពីចក្ខុវិស័យមួយស្តីពីតួនាទីរបស់អាស៊ាន ដែលគប្បីត្រូវដើរតួនៅលើឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ នៃប្រទេសកម្ពុជា ដែលនយោបាយរបស់លោក មិនត្រឹមតែពន្លត់ភ្លើងសង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំប៉ុណ្ណោះទេ, នយោបាយឈ្នះឈ្នះ បានធ្វើឱ្យទឹកដីដែលធ្លាប់បែកបាក់ជាតំបន់អបគមន៍ បានក្លាយជាទឹកដីឯកភាពជាតិទាំងស្រុង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកនេះឡើយ។ សម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងរាល់ប្រសាសន៍ដាស់តឿន និងទស្សនទានននយោបាយរបស់លោក តែងត្រូវបានគេយកទៅអនុវត្តន៍ ដើម្បីប្រយោជន៍សង្គមជាតិមិនដែលខកខានឡើយ។
បាឋកថារបស់សម្តេចក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក» បានឆ្លុះបញ្ចាំងនូវផែនការយុទ្ធសាស្ត្រ ជាមួយនឹងបទពិសោធន៍ឆ្លងកាត់យ៉ាងលំបាករបស់តំបន់ពីអតីតកាល និងការមើលឃើញនូវឱកាសដ៏ធំធេងមួយសម្រាប់អនាគតរបស់អាស៊ាន។ ក្នុងផ្នែកទី១ «កម្ពុជា និងអាស៊ាន», សម្តេចតេជោ បានថ្លែងចាប់អារម្មណ៍យ៉ាងនេះ៖
«នៅក្នុងជំនាន់របស់ខ្ញុំ នៅក្រោមការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា, ខ្ញុំមានមោទនភាពនឹងនិយាយថា កម្ពុជា មិនមែនជាប្រទេសកំសត់ទៀតឡើយ ហើយក្រសែភ្នែកអន្តរជាតិ ក៏ចាប់ផ្តើមមើលមកប្រទេសកម្ពុជា ក្នុងមនោសញ្ចេតនាគោរព និងផ្តល់តម្លៃ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពចូលរួមរៀបចំរបៀបវារៈ និងនិម្មាបនកម្មតំបន់ ប្រកបដោយការទទួលខុសត្រូវ ចំពោះសន្តិភាព និងប្រជាជន។
ខ្ញុំមិនមែនមានតែបទពិសោធកសាងប្រទេសពីបាតដៃទទេនោះទេ សូម្បីតែវត្តមានរបស់កម្ពុជា នៅក្នុងអាស៊ានក៏ខ្ញុំជាអ្នកគូសវាសរៀបចំផ្លូវពីចំណុចសូន្យដែរ។ ដើម្បីយល់បានពីទស្សនៈកម្ពុជា, មានភាពចាំបាច់ដែលយើងត្រូវយល់ពីស្ថានភាព និងបទពិសោធ ដែលកម្ពុជា បានឆ្លងកាត់ដើម្បីស្វែងយល់ថា ថ្នាក់ដឹកនាំរបស់កម្ពុជា ជាទូទៅមិនមែនតែខ្ញុំម្នាក់ឯងទេ, ចង់បានអ្វី? ចង់ទាមទារអ្វីសម្រាប់កម្ពុជា? ចំណុចចាប់ផ្តើមរបស់យើង កើតចេញពីភាពឯកោខាងនយោបាយ, ការទូត និងសេដ្ឋកិច្ច ហើយភាពតភ្ជាប់របស់កម្ពុជា ជាមួយនឹងអាស៊ាន មានឫសគល់ចេញពីភាពឯកានេះឯង។ ពោលគឺសេចក្តីស្រេកឃ្លានចង់បានការទទួលស្គាល់ស្មើមុខ ស្មើសិទ្ធិ និងការចង់បានការគោរពពេញលេញ លើឯករាជ្យអធិបតេយ្យ និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិមួយនៅក្នុងតំបន់»។
* ពីភាពឯកោ ទៅសមាហរណកម្ម ដំណើររបស់កម្ពុជាជាមួយអាស៊ាន
សម្តេចតេជោ បានរៀបរាប់តាំងពីភាពលំបាកនៃការទូតក្នុងចំណុចចាប់ផ្តើមរបស់កម្ពុជា ជាមួយនឹងអាស៊ាន ព្រោះក្នុងអតីតកាលនោះ អាស៊ាន បានបដិសេធភាពស្របច្បាប់របស់អតីតរដ្ឋាភិបាសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ដោយចាត់ទុកថាកម្ពុជាជំនាន់នោះ ជារដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់វៀតណាម។
សម្តេចតេជោ បានថ្លែងថា៖ «ឥទ្ធិពលនៃសង្គ្រាមត្រជាក់ បានក្លាយជាផ្សែងបាំងមុខមេដឹកនាំមួយចំនួន ទាំងក្នុងតំបន់ និងក្រៅតំបន់ ឱ្យមើលឃើញថា ភាពជាកុម្មុយនីស្ត គឺជាឧក្រិដ្ឋកម ដែលធ្ងន់ធ្ងរជាងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទៅទៀត ហើយជាលទ្ធផល រដ្ឋាភិបាលដែលរំដោះប្រជាជន និង ប្រជាជនកម្ពុជា ដែលនៅរស់រានមានជីវិត ត្រូវទទួលរងទណ្ឌកម្មយ៉ាងអយុត្តិធម៌ អស់រយៈកាល ១២ ឆ្នាំ បន្ថែមទៀត ហើយរដ្ឋាភិបាលដែលមានសមាសភាពឧក្រិដ្ឋជនប្រឆាំង មនុស្សជាតិ បែរជាទទួលបានអាសនៈស្របច្បាប់នៅអង្គការសហប្រជាជាតិទៅវិញ ។ នេះគឺជាត ថភាពប្រវត្តិសាស្ត្រ និង ជាជម្រៅនៃភាពឯការបស់កម្ពុជា»។
ទោះបីជាយ៉ាងណាសម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានជំពាក់គុណអាស៊ាន ពីព្រោះការកសាងសន្តិរបស់កម្ពុជា គឺជាផ្នែកមួយដ៏ធំរបស់អាស៊ានផងដែរ បើទោះបីកម្ពុជាមិនទាន់បានក្លាយជាជាសមាជិកអាស៊ានក៏ដោយ។
សម្តេចតេជោ បានរំលឹកមូលហេតុដែលកម្ពុជាបានសម្រេចចូលអាស៊ាន ដោយផ្អែកលើមូលហេតុ៤ គឺទី១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក, ទី២. កត្តាស្មារតីសហគមន៍, ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការជំរុញសមាហរណកម្ម និងទី៤. ច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា។
* អាស៊ាន ជាតួអង្គសកល ដែលលើសពីតួនាទីក្នុងតំបន់
ចក្ខុវិស័យដែលសម្តេចតេជោបានព្យាករទុក គឺអំពីតួនាទីអាស៊ានលើឆាកពិភពលោក។ សម្តេចបានប្រាកដនៅក្នុងចិត្តថា អាស៊ានមិនមែនត្រឹមតួអង្គតំបន់ប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងសកលមួយពីព្រោះជាមួយនឹងប្រជាជនលើស ៦៧០លាននាក់ និងជាតំបន់នៃសេដ្ឋកិច្ចធំលេខ៥ នៅលើពិភពលោក, អាស៊ាននឹងក្លាយជា «គន្លងនយោបាយ និងសេដ្ឋកិច្ច» ដែលពិភពលោកមិនអាចមើលរំលងបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អនាគតអាស៊ាន នឹងអាចក្លាយជា «ប៉ូលនយោបាយសេដ្ឋកិច្ច» មួយនៅក្នុងពិភពលោក៖ «ជាមួយនឹងប្រជាជនជាង ៦៧០លាននាក់ ដែលជាទំហំធំបំផុតទី៣ នៅលើពិភពលោក, និងទំហំសេដ្ឋកិច្ចធំបំផុតទី៥ នៅលើពិភពលោក, តួនាទីរបស់អាស៊ាន នៅក្នុងការកំណត់របៀបវារៈអភិបាលកិច្ចសកល ពិតជាមិនអាចមើលរំលងបានឡើយ។ សណ្តាប់ធ្នាប់ពិភពលោក កំពុងតែវិវឌ្ឍន៍ឈានទៅរក «ពហុប៉ូល» ដែលមានតួអង្គកាន់តែច្រើនឡើង ដែលបានបង្កើនទាំងទំហំសេដ្ឋកិច្ច អំណាចការទូត និងយោធា ដែលធ្វើឱ្យតួអង្គទាំងនោះ ខិតខំទាមទារប្រព័ន្ធអភិបាលកិច្ច ដែលមានអនុលោមភាព ទៅនឹងតថភាពថ្មីនៃស្ថានភាពតុល្យភាពអំណាចនៅលើពិភពលោក»។
* ការពង្រឹងមូលដ្ឋានអាស៊ាន
សម្តេចតេជោបានបង្ហាញភាពជឿជាក់យ៉ាងច្បាស់ ពីវិធីដែលអាស៊ានអាចសម្រេចបាននូវតួនាទីថ្មីនេះ។ សម្តេចតេជោ បង្ហាញពីវិធីពីរចម្បង៖ ដំបូង គឺពង្រឹងសមត្ថភាពខាងក្នុងរបស់អាស៊ាន រួមទាំងលេខាធិការដ្ឋានអាស៊ាន; និងទីពីរ គឺគ្រប់គ្រងការចូលរួមអាស៊ានជាមួយអង្គការពហុជាតិខាងក្រៅ។ សម្តេចតេជោ បានថ្លែងថា ការពង្រឹងសមត្ថភាពនៃលេខាធិការដ្ឋានអាស៊ាន នៅពេលដែលអាស៊ានក្លាយជា «ប៉ូលមួយនៃពិភពលោក» គឺជាកត្តាពុំអាចខ្វះបាន ប៉ុន្តែអ្វីដែលសំខាន់គឺការធានាថា លេខាធិការដ្ឋានអាស៊ាន នឹងមិនដើរតួនាទីជំនួសឱ្យប្រទេសសមាជិក ឬដើរលើសបន្ទាត់អធិបតេយ្យនៃប្រទេសសមាជិកនោះឡើយ។ សម្តេចបញ្ជាក់ថា ក្នុងនាមជាប៉ូលមួយនៃពិភពលោក អាស៊ានមានតួនាទីសំខាន់ ក្នុងការលើកស្ទួយសន្តិភាព។ សម្តេចថ្លែងថា អាស៊ានអាចគ្រប់គ្រងស្ថានការណ៍ក្នុងតំបន់របស់ខ្លួនបាន, អាចជំនះការខិតខំជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងតំបន់អាស៊ានបាន, និងអាចបង្ការឱ្យមានសង្គ្រាមដោយតួអង្គតំ ណាង Proxy Wars របស់ប្រទេសមហាអំណាចនៅក្នុងតំបន់បាន។
ប៉ុន្តែសម្តេច នៅបានប្រមើលអំពី «និន្នាការឆ្ពោះចេញពីអាស៊ាន» ដែលសមាជិកខ្លះ អាចចូលរួមអង្គការផ្សេងទៀតនោះ សម្តេចបានបង្ហាញពីការឈ្វេងដឹងយ៉ាងជ្រាលជ្រៅអំពីហានិភ័យនៃការបែកបាក់៖
«ពេលខ្លះ យើងអាចមើលឃើញ «និន្នាការងាកចេញពីអាស៊ាន» របស់ប្រទេសសមាជិកមួយចំនួន ដើម្បីចូលរួមជាមួយស្ថាប័នសម័យទំនើបផ្សេងទៀត ដើម្បីបង្កើនឧត្តមភាពនៃប្រទេសរបស់ខ្លួន។ នេះគឺជាជម្រើសយុទ្ធសាស្ត្រ ដែលយើងមិនអាចបដិសេធបានឡើយ។ ប៉ុន្តែនៅពេលដែលអាស៊ាន ឬប្រទេសសមាជិកចូលរួមនៅក្នុងស្ថាប័នពហុភាគីណាមួយ ក្រៅពីយន្តការដែលដឹកនាំដោយអាស៊ាន យើងក៏ត្រូវប្រុងប្រយ័ត្នចំពោះភាពលម្អៀងទៅ លើមហាអំណាចណាមួយ ដែលកំពុងប្រកួតប្រជែងគ្នា ដែលធ្វើឱ្យស្ថាប័នពហុភាគីទាំងនោះលិចចុះ ឬលេចឡើង ទៅតាមគោលនយោបាយរបស់មហាអំណាច ឬ ថ្នាក់ដឹកនាំនៃប្រទេសមហាអំណាច។ ដូច្នេះ ខ្ញុំនៅតែជឿជាក់ថា អាស៊ានគួរផ្តល់ទំងន់ ទៅលើការខិតខំអភិវឌ្ឍន៍និម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ានវិញ ព្រោះថា ស្ថាប័នរបស់យើងមានលក្ខណៈជាអព្យាក្រឹត្យជាង ហើយយើងអាចប្រាស្រ័យទាក់ទងជាមួយនឹងដៃគូច្រើនប្រភេទ និងច្រើនតំបន់ ដោយមិនប្រកាន់មនោគមវិជ្ជា»។
សម្តេចតេជោ បានមានប្រសាសន៍អំពី «ចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥» ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលនាខែឧសភា ដែលនឹងក្លាយជាជំហានមួយនៅក្នុងទិសដៅដ៏ត្រឹមត្រូវ។ សម្តេចតេជោ នៅបានស្នើរកវិធីសាស្ត្រល្អមួយ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងបំណងឱ្យអាស៊ានក្លាយជាចំណុចកណ្ដាលនៃភាពលូតលាស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សម្តេចបញ្ជាក់ថា «ដើម្បីឱ្យពិភពខាងក្រៅអាចទទួលយកអាស៊ាន និងមានទំនុកចិត្តកាន់តែខ្លាំងក្លាទៅលើអាស៊ានបាន លុះត្រាតែអាស៊ានមានសមត្ថភាពរឹងមាំ អាចជួយពិភពខាងក្រៅ បានតាមសមត្ថភាពរបស់ខ្លួន និងអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោក និងដៃគូដែលសុឆន្ទៈជាមួយអាស៊ាន។
សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាកាតា បានឆ្លុះបញ្ចាំងពីសមត្ថភាពដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនកំពូលខ្មែរម្នាក់ ដែលបានរួមចំណែកលើភាពជាអ្នកដឹកនាំដ៏លេចធ្លោ នៅលើឆាកអន្តរជាតិសម្រាប់តំបន់និងពិភពលោក។
សម្តេចតេជោ ដោយទាញយកបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការប្រែក្លាយប្រទេសកម្ពុជាពីប្រទេស ដែលហែកហួរដោយសង្រ្គាម ក្លាយទៅជាសមាជិកសន្តិភាពនៃសហគមន៍អន្តរជាតិនាពេលនេះ ថែមទាំងបានផ្តល់នូវផែនទីបង្ហាញផ្លូវ ដល់អាស៊ានដើម្បីតែការចង់ឱ្យសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ជាតំបន់ដែលមានឥទ្ធិពលកាន់តែខ្លាំងថែមទៀតនាអនាគត។
នៅពេលដែលអាស៊ានត្រៀមរៀបចំដើម្បីអនុម័តទស្សនៈវិស័យសហគមន៍២០៤៥ របស់ខ្លួន សូមឱ្យទស្សនទាននយោបាយរបស់សម្តេចនេះ គឺជាពន្លឺដឹកនាំមួយ និងជាមេរៀន សម្រាប់បទពិសោធន៍ដល់យុវជនអាស៊ានជំនាន់ក្រោយ៕