(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សមយុទ្ធមិត្តភាពកម្ពុជា-ចិន «នាគមាស ២០២៥» កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលនឹងធ្វើឡើងលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»  នឹងពង្រឹងសមត្ថភាពបន្ថែមដល់កងទ័ពកម្ពុជា នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត AI, សមយុទ្ធនេះមិនបង្កការការគំរាមកំហែងប្រទេសណាមួយនោះទេ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ គ្រឿងបំពាក់ និងសព្វាវុធយោធា កាន់តែរីកចម្រើនឡើងជាលំដាប់ ហើយបច្ចេកវិទ្យាខ្លះគឺឈានឡើងដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដូច្នេះ កម្ពុជា បានពង្រឹងមសមត្ថភាពកងទ័ពជាប់ជាប្រចាំលើកិច្ចការងារនេះ។ ខណៈគ្រឿងបំពាក់ដែលនឹងចូលរួមធ្វើសមយុទ្ធនេះ គឺមានបច្ចេកវិទ្យាខ្ពស់ របស់សាធារណរដ្ឋប្រជាមានិតចិន ជាក់ស្តែង រ៉ូបូត រថយន្តគ្មានមនុស្សបើកក៏បំពាក់ដោយ AI ដែរ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា សម្រាប់ការធ្វើសមយុទ្ធជាមួយបណ្តាប្រទេសជាមិត្ត គឺនៅលើពិភពលោកនេះមិនមែនបានតែប្រទេសកម្ពុជា ធ្វើជាមួយប្រទេសចិននោះទេ ប៉ុន្តែ ជាក់ស្តែងថ្មីៗនេះ សហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសមួយចំនួន ក៏បានរួមគ្នាធ្វើសមយុទ្ធនៅប្រទេសថៃ មានឈ្មោះថា «សមយុទ្ធពស់វែកមាស»។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចោទជាចំណួរថាបណ្តាប្រទេសនានានៅលើពិភពលោក ក៏រួមគ្នាធ្វើសមយុទ្ធយោធាដែរ ដូច្នេះ ត្រង់ចំណុចសួរថាគេធ្វើ អ៊ឹចឹងអី គឺដើម្បីពង្រឹងសមត្ថភាពយោធា និងកិច្ចសហប្រតិបត្តិការដូចគ្នា ហើយគ្មានសមយុទ្ធយោធានេះ គឺគ្មានការកំរាមកំហែងដល់ប្រទេសណាមួយនោះទេ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា រាល់ពេលពិធីបើក និងបិទសមយុទ្ធនាគមាស ជាមួយភាគីចិន កម្ពុជាតែងតែអញ្ជើញអ្នកសង្កេតការណ៍បរទេសឱ្យមកសង្កេតការណ៍ព្រឹត្តិការណ៍សមយុទ្ធជានិច្ចពោលគឺកម្ពុជា តែងតែបើកចំហរជានិច្ចចំពោះភាគីជាមិត្តដែលមានបំណងចូលរួមពង្រឹងសមត្ថភាពយោធារបស់កម្ពុជា។

សមយុទ្ធដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៥» នឹងធ្វើឡើងនៅទីតាំងពីរផ្សេងគ្នាលើទឹកដីរបស់កម្ពុជា។ នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៧ហើយ រវាងកងទ័ពកម្ពុជា-ចិន ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូងកាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

សម្រាប់ទីតាំងធ្វើសមយុទ្ធរួមមានទី១៖ សមយុទ្ធលើគោក និងអាកាសធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។ សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

ចំពោះកម្លាំងទ័ពចូលរួមភាគីកម្ពុជា មានចំនួន ១,៣៣១នាក់ និងភាគីចិនចំនួន ៨៤៥នាក់។ ដោយឡែកសព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿង យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត។

សូមបញ្ជាក់ថា កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជាផងដែរ៕