(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានចាស់ជរា ជនមានពិការភាព មានជំងឺរាំរ៉ៃ ស្ត្រីមេម៉ាយកូនច្រើន ចំនួន៥គ្រួសារ រស់នៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ ការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ចំពោះប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព បើទោះបីជាយើងមានការលំបាកខាងផ្នែកជីវភាពក៏ដោយ ក៏មានឱកាសរស់នៅក្រោមម្លប់សុខសន្តិភាព មិនដូចនៅតាមបណ្តាប្រទេស ដែលមានប្រជាជន កុមារតូចជាច្រើន បាននិងកំពុងរត់ភៀសខ្លួនពីភ្លើងសង្គ្រាមនោះឡើយ។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឲ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។

លើសពីនេះទៅទៀត លោកបានគូសបញ្ជាក់ថា «បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូ ជំរុញដល់កូនៗរបស់ខ្លួន ឲ្យទៅសាលារៀនទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ»។

ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា លោក សុខ លូ បានអំពាវនាវចំពោះសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយសទ្ធាជ្រះថ្លា និងតាមសទ្ធា និងដោយការស្ម័គ្រចិត្ត។ ដោយការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលជាក់ស្តែង។

ប្រជាពលរដ្ឋទាំង៥គ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខការលំបាករបស់ប្រជាជន ព្រមទាំងបាននាំយកអំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស, ទឹកស៉ីអ៉ីវ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕