(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរចម្លើយនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ និងឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការលោក ជួន សុជាតិ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ថា លោក ជា សា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រចចោទប្រកាន់ឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ និងឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ»

សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និងខូចខាតរថយន្ដ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

បើតាមសមត្ថកិច្ច សម្ភាររងការខូចខាត រថយន្ត១គ្រឿង ម៉ាក Prius ស៊េរី២០០៥ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BF-8730 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខ ពួកប្រុសម្នាក់ទៀត (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខកម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ) និងកង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង៕