(បន្ទាយមានជ័យ)៖ នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលមានការអមដំណើរពីលោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៧៥% ក្រោមហិរញ្ញប្បទានពីធនាគារកូរ៉េ Eximbank។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យនេះ ត្រូវប្រើរយៈពេលសាងសង់ចំនួន៥៤ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ខាងមុខ។ ការងារសំខាន់ៗ របស់គម្រោងរួមមាន៖ ទី១. ស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ខ្សែ សរុប ៩២,៦៥គីឡូម៉ែត្រ, ទី២. សាងសង់ទំនប់អាងទឹក ៣កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) សរុបប្រវែង ២០,៣៦គីឡូម៉ែត្រ និងស្តារអាងទឹកទាំង៣ ដែលអាចស្តុកទឹកបានប្រមាណ ២២,៨លានម៉ែត្រត្រីគុណ និងទី៣. សាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨កន្លែង។ គម្រោងនេះ មានសក្តានុពលគ្របដណ្តប់លើក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ព្រមទាំងមានប្រជាកសិករទទួលផលប្រមាណ ៤២,២១៣គ្រួសារ។

នៅក្នុងថ្ងៃដដែលនេះ លោករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងទីតាំងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់បវេល ក្នុងខេត្តបាត់ដំបង ដែលកំពុងដំណើរការសិក្សាគ្រោងប្លង់លម្អិត និងគ្រោងដំណើរការសាងសង់នាដើមឆ្នាំ២០២៦ ក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េ (EDCF/K-Eximbank)ផងដែរ។

នៅក្នុងឱកាសនេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានបង្កលក្ខណៈឱ្យគម្រោងអនុវត្តទៅបានតាមផែនការដែលបានគ្រោងទុក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំបន្ថែមដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ត្រូវបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តគម្រោងទាំងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់បានយូរអង្វែង៕