(ទីម័រឡេស្តេ)៖ លោក ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) បានបង្ហោះសារតាមបណ្ដាញសង្គម ដោយបានចាត់ទុក សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក។
តាមបណ្ដាញសង្គម លោកប្រធានាធិបតី បានសរសេរយ៉ាងដូច្នេះថា «ហ៊ុន សែន មិត្តល្អ មិត្តដ៏ល្អ មកលេងយើង។ សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប សម្តេច ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចាកចេញពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។
ខ្ញុំជាអ្នកបើកបរជូនគាត់កាលពីម្សិលមិញ»។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ និងកិត្តិយសដ៏ខ្ពង់ខ្ពស់នោះ នៅរសៀលថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសទីម័រឡេស្តេ ប្រកបដោយសុវត្ថិភាពហើយ។
ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពង់ខ្ពស់ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រឡេស្តេ ឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតរបស់កម្ពុជា។
ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, លោក កៃ ប៉ឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្ត និងលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្ត។
ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និងផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី។
ការថ្លែងបាឋកថានេះ នឹងមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។
សូមបញ្ជាក់ថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់សម្ដេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននោះ លោក ប្រធានាធិបតីទីម័រឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា៕