(ព្រុយណេ)៖ ប្រកាសជាផ្លូវការនៅអំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ នៅប្រទេសព្រុយណេដារូស្សាឡាម, លោក នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាប្រធានប្តូរវេ ទទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៨ នៅទីក្រុងភ្នំពេញ ២០២៧។

បន្ថែមពីលើនេះ កម្ពុជាក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (Asia Media Summit) លើកទី២០ នៅខេត្តសៀមរាប នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

ការប្រកាសនេះ ធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រី និងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដោយលោករដ្ឋមន្រ្តី នេត្រ ភក្រ្តា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងតំបន់លើវិស័យសារព័ត៌មាន និងសោតទស្សន៍។

ដើម្បីអបអរសាទរក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានបង្ហាញវីដេអូផ្សព្វផ្សាយ ពីកម្ពុជាចំនួនពីរ ដោយវីដេអូទីមួយបង្ហាញ ពីភាពស្រស់ស្អាតនៃរាជធានីភ្នំពេញ ជាទីក្រុងម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ានលើកទី១៨ នៅឆ្នាំ២០២៧ និងវីដេអូមួយទៀតបង្ហាញសម្រាប់នៃខេត្តសៀមរាប ដែលជាកន្លែងសម្រាប់កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ការអភិវឌ្ឍទំនើប និងការត្រៀមខ្លួនជាស្រេចសម្រាប់គណៈប្រតិភូក្នុងតំបន់ នៅខែកក្កដា នៅឆ្នាំ២០២៥នេះ។

សេចក្តីប្រកាសទាំងពីរនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយអ្នកចូលរួមជាច្រើនបានសម្តែងការគាំទ្រ ចំពោះការដឹកនាំរបស់ប្រទេសកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៕