(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» ដែលបានកំណត់សូចនាករ និងក្របខ័ណ្ឌច្បាស់លាស់តាមរយៈការបន្តអភិវឌ្ឍអភិក្រម ទាំង៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ»។
នេះជាការលើកឡើងរបស់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ ។
ក្នុងឱកាសនោះលោក សុខ សូកេន បានថ្លែងបញ្ជាក់ថា សមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ច កើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់អតីតថ្នាក់ដឹកនាំគ្រប់ជំនាន់ ជាពិសេសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្តួចផ្តើមត្រួសត្រាយផ្លូវ និងជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច ដោយបន្សល់ ទុកនូវសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាជាច្រើនដល់យើងខ្ញុំជាអ្នកបន្តវេន។ ជាមួយគ្នានេះលោកស្រី សោម គឹមសួគ៌ និងលោក ហួត ហាក់ ក៏បានចូលរួមដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួង អធិការកិច្ច ប្រកបដោយលទ្ធផលជាផ្លែផ្កាផងដែរ។
លោករដ្ឋមន្រ្តី ឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងអធិការកិច្ច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ដែលបានដាក់ ចេញនៅក្នុងផែនការយុទ្ធសាស្រ្ត ប្រកបដោយស្មារតីម្ចាស់ការ ការទទួលខុសត្រូវខ្ពស់ ភាពបុរេសកម្ម និងអន្តរសកម្ម ក្នុងការអនុវត្តមុខងារភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងភាពជោគជ័យនាពេលកន្លងមកដែលធ្វើឱ្យក្រសួងសម្រេច បានលទ្ធផលគួរជាទីមោទនៈ។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា «ទន្ទឹមនឹងសមិទ្ធផលជាច្រើន ដែលសម្រេចបានក្នុងវិស័យអធិការកិច្ច ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានដំណោះស្រាយជាយុទ្ធសាស្រ្តប្រកបដោយភាពប្រទាក់ក្រឡា និងមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលដំណោះស្រាយទាំងនេះត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ តាមរយៈការកំណត់គោលដៅយុទ្ធសាស្រ្ត វិធានការគន្លឹះ និងសកម្មភាពអាទិភាព ជាមួយនឹងសូចនាករដែលអាចវាស់វែងបាន»។
លោកបន្តថា «ក្នុងចំណោមបញ្ហាប្រឈមដែលបានរំលេចក្នុងរបាយការណ៍សង្ខេបមុននេះ មានបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការ នៃការដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ច ដែលទាមទារឱ្យមាន ដំណោះស្រាយជាប្រព័ន្ធឱ្យបានឆាប់រហ័សផងដែរ។ ក្នុងនោះបញ្ហាលិខិតបទដ្ឋានគតិយុត្តមិនគ្រប់គ្រាន់ក្នុងវិស័យអធិការកិច្ច ជាពិសេស ឧបសគ្គក្នុងការជំរុញបញ្ចប់ច្បាប់ស្តីពី អធិការ-កិច្ចជាបញ្ហាចំបងដែលធ្វើឱ្យក្រសួងអធិការកិច្ច ពិបាកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចដូចមានចែងក្នុងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច»។
សូមជម្រាបជូនថា សន្និបាតក្រសួងអធិការកិច្ច ដែលមានរយៈពេល១ថ្ងៃកន្លះនេះ មានគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤, ពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើបទពិសោធការងារ ពាក់ព័ន្ធវិស័យអធិការកិច្ច, ការកំណត់ វិភាគ និងវាយតម្លៃលើបញ្ហាប្រឈមនានា ព្រមទាំងបានគិតគូរលើដំណោះស្រាយជាយុទ្ធសាស្រ្ត និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច ជាពិសេសការពិភាក្សាលើការជំរុញការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» ឱ្យមានប្រសិទ្ធភាព៕