(បន្ទាយមានជ័យ)៖ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្តិ៍នគរបាលការពារ ព្រំដែនគោកអូរជ្រៅ នៃវរសេនាតូចលេខ៧៩១ ជួបសំណេះសំណាលការងាររួម ជាមួយទាហានឈុតខ្មៅថៃ ពិភាក្សាការពង្រឹងទំនាក់ទំនងល្អៗ រវាងកងកម្លាំងជួរមុខ (កម្ពុជា-ថៃ) ជាប់ភូមិសាស្ត្រព្រំដែនកម្ពុជា-ថៃ ជាប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់បង្ក្រាបការជួញដូរអាវុធ គ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសគ្រប់ប្រភេទ។
ការចុះជួបសំណេះសំណាលនេះ អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរៈសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១។
លោកវរសេនីយ៍ឯក ហាំ វណ្ណៈ បានប្រាប់ថា កម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ប៉ុស្តិ៍នគរបាលការពាព្រំដែនគោកអូរជ្រៅ បានជួបសំណេះសំណាលការងាររួម ទាហានឈុតខ្មៅថៃ កងរយលេខ១២០១ ក្នុងទឹកដីថៃ ភូមិឃុំខាងថៃ ភូមិថាខាម ឃុំថាខាម ស្រុកអរញ្ញា ខេត្តស្រះកែវ។
សម្រាប់ភាគីកម្ពុជាដឹកនាំដោយលោកវរសេនីយ៍ត្រី ទ្រី សុផល មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ជំនួយ ដឹកនាំប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ លោកអនុសេនីយ៍ឯក ដួង សំអូន នាយផ្នែកសេនាធិការ, លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរសេនាតូចលេខ៨៩១ និងនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរពេលណាតូចលេខ៨៩១ សរុបចំនួន០៦នាក់។
ដោយឡែកភាគីថៃ ដឹកនាំដោយលោកអនុសេនីយ៍ទោ សារ៉ូត យ៉ូថា ប្រធានកងរយលេខ១២០១ កម្លាំងសរុបចំនួន ០៨ នាក់៕