(បាងកក)៖ នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាផ្សព្វផ្សាយរួមគ្នាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ និងបណ្តាកោះនៃតំបន់ប៉ាស៊ីហ្វិក ក្នុងប្រធានបទស្តីពី «ការពង្រឹងកិច្ចគាំទ្រថ្នាក់តំបន់លើបទដ្ឋានជាសកលប្រឆាំងនឹងអាវុធជីវសាស្ត្រនៅក្នុងបរិបទនៃអនុសញ្ញាBWC សេចក្តីសម្រេចចិត្ត UNSCR 1540 និងយន្តការUNSGM» នៅទីក្រុងបាងកក ប្រទេសថៃ។

ដំណើរនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធនៃអង្គការសហប្រជាជាតិ (UNODA) ដែលសិក្ខាសាលានេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទអង្គការសហប្រជាជាតិ ក្នុងទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

សិក្ខាសាលានេះមានអ្នកចូលរួមសរុបប្រមាណជាង ៥០នាក់ ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បណ្តាកោះនៃតំបន់ប៉ាស៊ីហ្វិក អ្នកជំនាញនៃ UNODA និងគណៈកម្មាធិការ UNSCR 1540។

ក្នុងកំឡុងនៃសិក្ខាសាលា នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា និងក្រុមការងារ ក៏បានចូលរួមចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ស្តីពីអនុសញ្ញា BWC ការអនុវត្ត UNSCR 1540 និងរៀបចំសិក្ខាសាលាជាតិ ស្តីពីការបង្កើតផែនការសកម្មភាពជាតិ ក្នុងការអនុវត្តលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលេខ១៥៤០ (២០០៤) ដែលកម្ពុជាបានអនុវត្តមុនគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជូនដល់អង្គសិក្ខាសាលាផងដែរ៕