(ពោធិ៍សាត់)៖ ខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ត្រូវបានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធធ្វើនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ នៅបរិវេណមន្ទីរ ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ បណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន វិទ្យាស្ថាន គ្រឹះដ្ឋានទូទាំងខេត្ត ប្រមាណជិត៣០០នាក់។

លោក កុល ប៊ុនធឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តពោធិ៍សាត់ បានជម្រាបជូនថា សហគ្រាស គ្រឹះស្ថានក្នុងខេត្ត សរុបមានចំនួន៤០៤សហគ្រាស មានកម្មករ និយោជិតសរុប១៥,៣៣១នាក់ ស្រី១០,៩៩៧នាក់ ក្នុងនោះ ផ្នែកកាត់ដេរ មាន០៤កន្លែង មានកម្មករ និយោជិតសរុប៧,៨៤៦នាក់ ស្រី៧,២០៦នាក់ និងផ្នែកក្រៅពីកាត់ដេរ មានសហគ្រាសសរុប៤០០កន្លែង មានកម្មករ និយោជិតសរុប៧,៤៨៥នាក់ ស្រី៣,៧៩១នាក់។

លោកប្រធានមន្ទីរបន្តថា តំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ មាន០៤សហគ្រាស មានកម្មករ និយោជិតសរុបចំនួន៨៧៥នាក់ ស្រី២៥៣នាក់ ក្នុងនោះរោងចក្រ RMA, រោងចក្រTOPEC, រោងចក្រអ៉ីម៉ែកស៍ និងរោងចក្រMinebea (កំពុងសាងសង់)។ ចំពោះវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កម្មវិធីបណ្តុះ២ជំនាញវិជ្ជាជីវៈ ១,៥(M) ចាប់ពីខែមករា ២០២៤ ដល់ខែមេសា ២០២៥ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានសិស្សចុះឈ្មោះសរុប១,៩៤២នាក់ ស្រី៥៨៥នាក់, សិស្សកំពុងសិក្សា៨៤៨នាក់ ស្រី២៥៨នាក់, សិស្សបានបញ្ចប់ការសិក្សា១,០៩៤នាក់ ស្រី៣២៧នាក់ និងសិស្សមានការងារធ្វើ៣០៤នាក់ ស្រី១១៤នាក់។

លោកបន្ថែមថា ការងារបេឡាជាតិសន្តិសុខសង្គម សម្រាប់ខេត្តពោធិ៍សាត់ មានបុគ្គលស្វ័យនិយោជន៍ មានសមាជិក៦,២០៧នាក់ ស្រី៤,០១៣នាក់, វិស័យសាធារណៈ មាន៣២ស្ថាប័ន មានសមាជិក១២,៥៧៣នាក់ ស្រី៤,៥៧៦ នាក់ និងវិស័យឯកជន មាន៥៥៧សហគ្រាស មានសមាជិក១១,៩៧៥នាក់ ស្រី៧,៩៤៧នាក់។ ក្នុងខែមេសា ២០២៥ មជ្ឈមណ្ឌលការងារ ទទួលបានអ្នកចុះឈ្មោះស្វែងរកការងារធ្វើ២២៥នាក់ ស្រី១៤១នាក់, ផ្គូរផ្គង និងបញ្ជូនអ្នកស្វែងរកការងារធ្វើឱ្យនិយោជក ចំនួន២០៥នាក់ ស្រី១២៥នាក់, ទទួលបានការងារធ្វើ៥៥នាក់ ស្រី៥៤នាក់ និងជ្រើសរើសកំលាំងពលកម្ម ពីប្រភពផ្សេងៗ ២៧៤កន្លែង។

ជាមួយគ្នានោះ លោក កុល ប៊ុនធឿន ក៏បានជម្រាបជូននូវប្រវត្តិខ្លះៗទាក់ទងនឹងទិវាពលកម្មអន្តរជាតិ ឬទិវាកម្មករ អន្តរជាតិ គឺជាទិវាមួយដែលបណ្តាលប្រទេសជាច្រើន ជាង៨០ប្រទេស ទូទាំងពិភពលោក បានប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីរំឬក និងឧទ្ទិសដឹងគុណ ដល់វីរៈភាពដ៏ អង់អាចក្លាហាន នៃកម្មករកម្មការនី ដែលបានប្រឹងប្រែង តស៊ូពុះពារ និងប្តូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្តរជាតិ តែងតែប្រារព្ធរៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ឧសភា។

បន្ទាប់ពីបានអានសារលិខិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការរៀបចំពិធីអបអរសាទរ «ទិវាពលកម្មអន្តរជាតិ ១ ឧសភា» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មកម៉្លេះ។ ការរៀបចំឱ្យមានទិវានេះឡើង គឺជាឱកាសបានជួបជុំ សំណេះសំណាល និងសិក្សាស្វែងយល់កាន់តែស៊ីជម្រៅ ជាមួយបងប្អូន កូនក្មួយជាកម្មករ កម្មការនី និយោជិត នៅតាមរោងចក្រ​សហគ្រាស ដែលបានកំពុងបម្រើការងារគ្រប់ស្ថាប័ន នៅក្នុងខេត្ត។

លោកបានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំអនុវត្តបានជោគជ័យនូវយុទ្ធសាស្ត្រ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍន៍ និងបង្កើតការងារសមរម្យជូនប្រជាជន ក្នុងនោះគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងអនុវត្តនូវការកែទម្រង់មុតស្រួច កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានតម្លើងប្រាក់ឈ្នួល អប្បបរមាជូនដល់កម្មករ កម្មការនី និងអត្ថប្រយោជន៍ផ្សេងៗជារៀងរាល់ឆ្នាំ។

តាមរយៈនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹង អនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ មានអនាម័យ បរិស្ថានល្អ គោរពច្បាប់ចរាចរណ៍ លើកកម្ពស់លក្ខខណ្ឌការងារ ឱ្យស្របតាមច្បាប់ និងផ្សព្វផ្សាយច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ជូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ និងសហគ្រាស គ្រឹះស្ថានឱ្យបានកាន់តែទូលំទូលាយទ្វេរឡើងថែមទៀត៕