(បាត់ដំបង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។

នៅក្នុងឱកាសចុះពិនិត្យការងារ លោករដ្ឋមន្ត្រីបានថ្លែងថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការសាងសង់ ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ គម្រោងនេះមានសក្តានុពលស្ដុកទឹកបានប្រមាណ ១៦៣.១លានម៉ែត្រគូប មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ ៣៣,០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤,៥០០ហិកតានៅរដូវប្រាំង គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

លោករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធធ្វើឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការគ្រោងទុក។

ជាការកត់សម្គាល់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីប្រើរយៈពេលសាងសង់៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ខាងមុខ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១. សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ, ទី២. សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ, ទី៣. រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ, ទី៤.សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ, ទី៥. ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦. សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

សូមជម្រាបថា នៅថ្ងៃដដែលនេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងគណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េផងដែរ។ គម្រោងនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប ហើយដែលគម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០,៤០០ហិកតា និងស្រូវប្រាំងចំនួន ៤,៧០០ហិកតា៕