(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ឧត្តមប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថវិកាប្រគេនពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តព្រះសីហនុ និងខេត្តកោះកុង តាមរយៈ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។
ការចូលរួមថវិកាប្រគេនពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តព្រះសីហនុ និងខេត្តកោះកុង តាមរយៈសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា រួមមានដូចខាងក្រោម៖
ខេត្តព្រះសីហនុ វត្តអូត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៖
* សមណសិស្សចំនួន ៣៥០ រូប (១រូបៗ ចំនួន ២ម៉ឺនរៀល)
* លោកគ្រូ អ្នកគ្រូ គ្រូពុទ្ធិកសិក្សា និងធម្មវិន័យ ចំនួន ២៧ រូប (១រូបៗ ចំនួន ៥ម៉ឺនរៀល)
* យុវជន សសយក, កាយរិទ្ធិ, កាកបាទក្រហមកម្ពុជា ចំនួន ១៦០រូប (១រូបៗ ១ម៉ឺនរៀល) ។
ខេត្តកោះកុង វត្តជោតញ្ញាណ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៖
* សមណសិស្សចំនួន ១០០ រូប (១រូបៗ ចំនួន ២ម៉ឺនរៀល)
* លោកគ្រូ អ្នកគ្រូ គ្រូពុទ្ធិកសិក្សា និងធម្មវិន័យ ចំនួន ១០ រូប (១រូបៗ ចំនួន ៥ម៉ឺនរៀល)
* យុវជន សសយក, កាយរិទ្ធិ, កាកបាទក្រហមកម្ពុជា ចំនួន ៣០រូប (១រូបៗ ១ម៉ឺនរៀល) ។
ជាមួយគ្នានោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តព្រះសីហនុ និងខេត្តកោះកុង។
សម្ដេចព្រះពុទ្ធជ័យមុនី ក៏បាននាំយកនូវថវិកាដែលជាសទ្ធាជ្រះថ្លារបស់ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ចូលរួមក្នុងពិធីបើកបវេសនកាលនេះ ដើម្បីប្រគេនជូនដល់អង្គពិធីផងដែរ។
សម្ដេចព្រះពុទ្ធជ័យមុនី បានក្រើនរំលឹក ណែនាំ និងលើកទឹកព្រះទ័យដល់ ព្រះមេគណ មន្ត្រីសង្ឃ និងគណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សាគ្រប់កម្រឹតឱ្យយកព្រះទ័យទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងអប់រំដល់ភិក្ខុ សាមណេរ ជាសមណសិស្ស ឱ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំរបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងត្រូវប្រកាន់ភ្ជាប់ឱ្យបាននូវគោលការណ៍របស់ខ្លួនដែលជាសមណសក្យបុត្ត។
សូមជម្រាបថា ពុទ្ធិកសិក្សា វត្តអារាម (តាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្ននេះ បានដើរតួយ៉ាងសំខាន់ក្នុងការអប់រំដល់ព្រះសង្ឃ (កុមារតូចៗ កូនអ្នកស្រុកដែលមានជីវភាពខ្វះខាត់ ខ្សត់ខ្សោយ បានមកបួសសំណាក់រៀនសូត្រក្នុងព្រះពុទ្ធសាសនា ទីវត្តអារាម ដែលមានព្រះចៅអធិការ ព្រះសង្ឃជាតួអង្គដ៏សំខាន់ដែលពុំអាចខ្វះបាន រួមជាមួយទាយក ទាយិកា ឧបាសក ឧបាសិកា របស់វត្តជាអ្នកឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃនេះឯង។ ទីវត្តអារាម ជាកន្លងបណ្ដុះបណ្ដាល និងរក្សាទុក វប្បធម៌ ប្រពៃណី ទំនៀបទំលាប់ដូនតា តាំងពីបុរាណកាលមក) ត្រូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាណាព្យាបាល ដែលក្នុងប្រទេសកម្ពុជាយើងនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបន្តដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គពុទ្ធសាសនិកជនដ៏ឆ្នើម តែងតែយកចិត្តទុកដាក់ និងលើកតម្កើងដល់វិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ លើកតម្កើងឧបត្ថម្ភគាំទ្រដល់សាលាពុទ្ធិកសិក្សាគ្រប់កម្រឹត។
គួររំលឹកផងដែរថា បើពុំបានការឧបត្ថម្ភគាំទ្រពីពុទ្ធសាសនិក ជាពិសេសរដ្ឋាភិបាលនោះទេ វិស័យពុទ្ធិកសិក្សាជាតិ របស់យើងក៏ពុំអាចបើកដំណើរបានរហូតមកដល់សព្វថ្ងៃនេះដែរ នោះក៏អាស្រ័យដោយប្រទេសមានសុខសន្តិភាពពេញលេញ ទើបយើងអាចបើកដំណើរការវិស័យពុទ្ធិកសិក្សាឱ្យប្រព្រឹត្តទៅរហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នានេះ សម្ដេចព្រះពុទ្ធជ័យមុនី បានប្រគេនដល់ ព្រះមេគណ មន្ត្រីសង្ឃទាំងអស់ ឱ្យរៀបចំខ្លួនឱ្យស្រប់តាមទំនើបកម្មក្នុងការដឹកនាំគ្រប់គ្រងក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនិងតម្រូវការចាំបាច់របស់ ថ្នាក់ដឹកនាំ ជាពិសេសត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ និងពង្រឹងប្រសិទ្ធិភាពក្នុងការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងត្រូវជំរុញឱ្យព្រះសង្ឃ សមណសិស្សនៅតាមវត្តអារាមនីមួយៗ ត្រូវរៀបចំបំពេញព័ត៌មាន ដើម្បីធ្វើឆាយា សង្ឃដីកាគំរូថ្មី ឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់ៗរូប ព្រោះថា ឆាយា សង្ឃដីកានេះ ជាប័ណ្ណសម្គាល់របស់បព្វជិត (អ្នកបួសក្នុងពុទ្ធសាសនាកម្ពុជា) ដែលចេញដោយព្រះមេគណរាជធានី ខេត្តនីមួយៗ និងជាការងាយស្រួលសម្រាប់ការចុះឈ្មោះ ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមត្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃ ផងដែរ។
ជាទីបញ្ចប់ សម្ដេចព្រះពុទ្ធជ័យមុនី បានថ្លែងអំណរគុណ ចំពោះទឹកសទ្ធាជ្រះថ្លៃរបស់លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង អាជ្ញាធរពាក់ព័ន្ធ និងពុទ្ធបរិស័ទ ដែលបានចូលរួម ឧបត្ថម្ភគាំទ្រក្នុងកម្មវិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្ត៕