(ព្រៃវែង)៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិរការសុខ និងភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១១ ប្រមាណជាង១០០ គ្រួសារ បានចាប់មុខរបរលក់នំទ្រាំអស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលអាចរកចំណូលពីការលក់នំនេះ បានយ៉ាងច្រើនគួរផងដែរ។

បើតាមអ៊ំស្រី ផាន អយ រស់នៅក្នុងភូមិ រការសុខ ឃុំមេបុណ្យ បានឲ្យដឹងថា គាត់លក់នំទ្រាំនេះជាង១០ឆ្នាំមកហើយ។ ដោយសព្វថ្ងៃ គាត់ក៏អាចរកចំណូលបន្ថែម ពីមុខរបរធ្វើស្រែចំការរបស់គាត់ បានមួយចំនួនធំ។

អ៊ំស្រីបានបញ្ជាក់ថា ការប្រកបរបរលក់នំទ្រាំនេះ បានជួយសម្រួលដល់ជីវភាព នៃការរស់នៅរបស់គ្រួសារគាត់បានមួយកម្រិត។ ដោយក្នុងមួយថ្ងៃគាត់អាចលក់បានពី៧គីឡូ ទៅ ១០គីឡូក្រាម ហើយក្នុងមួយគីឡូក្រាម លក់តម្លៃមួយម៉ឺនរៀល។ ដោយឡែកនៅរដូវបុណ្យទានវិញ គាត់អាចលក់បានលើសនេះ គុណនិងពីរដងផងដែរ។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ខេត្តព្រៃវែង តាមផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ត្បូងឃ្មុំ ឬខេត្តកំពង់ចាម ក៏ដូចជាទៅតាមបណ្តាស្រុកដ៏ទៃទៀត នៃខេត្តព្រៃវែង ឱ្យតែធ្វើដំណើរមកដល់កន្លែងធ្វើនំទ្រាំនេះ គឺមិនអាចបំភ្លេចក្លិនឈ្ងុយនំទ្រាំនេះបានឡើយ តែងតែនាំគ្នាចូលទៅជួយទិញម្នាក់ពីរបីគីឡូផងដែរ។

បើតាមអ្នកភូមិមេបុណ្យបានបញ្ជាក់ថា ការធ្វើនំទ្រាំមានការលំបាក ជាងការធ្វើនំផ្សេងៗទៀត ដោយដំបូងគេ ត្រូវយកអង្ករខ្សាយ ទៅត្រាំទឹកឱ្យអង្កររីក បន្ទាប់មកយកទៅបុក និងត្បាលជាន់ តែដោយសព្វថ្ងៃគេយកទៅកិន និងម៉ាស៊ីនឱ្យម៉ត់។ បន្ទាប់ពីនោះគេប្រើស្ករត្នោត ដាក់លើភ្លើងឱ្យក្លាយជាស្ករតាំងម៉ែ រួចកូរជាមួយម្សៅអង្ករនោះ និងដាក់ល្ង និងអំបិលបន្តិចបន្តួច កូររហូតរលាយជាសាច់តែមួយ។

ពលរដ្ឋបានបន្តថា ការធ្វើនំទ្រាំនេះ ត្រូវប្រើខ្លាញ់ជ្រូក ឬប្រេងសណ្ដែក ដើម្បីចៀននំទ្រាំឲ្យឡើងប៉ោងមានពណ៌ល្អ និងរស់ជាតិឈ្ងុយឆ្ងាញ់ផងដែរ៕