(ភ្នំពេញ)៖ បណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេស អង្គការហេហ្វឺ​អន្តរជាតិ បានលើកឡើងថា អង្គការហេហ្វឺ​អន្តរជាតិនឹងបន្តជួយគាំទ្រ និងពង្រឹងសមត្ថភាពកសិករ និងសហគមន៍កសិកម្ម តាមរយៈការគាំទ្រថវិកា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្មដល់កសិករ​ ដើម្បីឱ្យពួកគាត់អាចដឹកនាំស្ថាប័ន និងមានផែនការអាជីវកម្មច្បាស់លាស់ ​ឈានទៅដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ​

លើកឡើងក្នុងសិក្ខាសាសហគមន៍ប្រចាំឆ្នាំ លើកទី៦ ស្តីអំពីការពង្រឹងសមត្ថភាព នៃការគ្រប់គ្រង និងការផ្គូផ្គងធុរកិច្ចរបស់សហគមន៍កសិកម្ម និងសហគ្រិនសុខភាពសត្វសហគមន៍ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥​ លោកបានមានប្រសាសន៍ថា «បន្ទាប់ពីកសាងសមត្ថភាពពួកគាត់រួចរាល់ យើងចាប់ផ្តើមគាំទ្រផ្នែកអាជីវកម្ម និងខ្សែច្រវ៉ាក់តម្លៃប្រកបដោយការចូលរួមពេញលេញ មានប្រសិទ្ធភាព និងនិរន្តរភាព»

លោកបានឱ្យដឹងថា ក្នុង​រយៈពេល៥ឆ្នាំមកនេះ អង្គការហេហ្វឺ​អន្តរជាតិបានផ្តល់ការគាំទ្រដល់ សហគមន៍​កសិកម្មចំនួន ៧៣ ​សហគមន៍​នេសាទចំនួន ១១ ហើយជាមួយគ្នានេះ សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម ក្នុងខេត្តចំនួន ១៤ ទទួលបានការបណ្តុះបណ្តាលជំនាញស្តីពី អភិបាលកិច្ច ធុរកិច្ច​ និងទុនវិនិយោគ និងសេវាពាក់ព័ន្ធកសិកម្ម ​សរុបចំនួន ៨៥​។

​លោកបន្ថែមថា បច្ចុប្បន្ននេះអង្គការបានបង្កើតសហគមន៍កសិកម្មមាសចំនួន ១៨ សំរាប់វិនិយោគអាជីវកម្មគម្រូ និងបានពង្រឹងសមត្ថភាពកសិករ សហគមន៍កសិកម្ម សហគមន៍នេសាទ និង សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គមដើម្បីធានាបាននូវការដឹកនាំ និងគ្រប់គ្រង​​សហគមន៍កសិករ។

បើតាមលោកញ៉ែម សារ៉េត កសិករចំនួន ៤៥,៥៦០​ គ្រួសារ បានទទួល​ការគាំទ្រផ្ទាល់ពីគម្រោង តាមរយៈសហគមន៍កសិកម្ម​ សហគមន៍នេសាទ និងសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC)។

បន្ថែមពីនេះ អង្គការហេហ្វឺ​អន្តរជាតិបានកសាងកសិកដ្ឋានដាំបន្លែលើដីចំនួន៤ កន្លែង កម្រិតសហគមន៍កសិកម្ម និងសហភាពសហគមន៍ ស.ស.អ.ស. កសាងផ្ទះសំណាញ់កម្រិតកសិករ និងសហគមន៍កសិកម្មចំនួន ១៤០
បានផ្តល់ទុនវិនិយោគចំនួន ជិត១លានដុល្លារ ដល់ក្រុមផលិត សហគមន៍កសិកម្ម សហគមន៍នេសាទ និង សហភាពសហគមន៍កសិកម្មសហគ្រិនអភិឌ្ឍន៍សង្គម សម្រាប់ផលិត​កម្មសត្វ បន្លែ និង វារីវប្បកម្ម សរុបចំនួន ជាង៥០០គ្រួសារ។ ព្រមទាំងបានបន្ថែមថវិកាគាំទ្រមកពីដៃគូអភិវឌ្ឍជាទុនវិនិយោគសម្រាប់កសាង ទ្រុងមាន់ស្រែស្តង់ដារ បែរចិញ្ចឹមត្រីទឹកប្រៃស្តង់ដារ កន្លែងប្រមូលផលិតផលកសិកម្ម (Collection Center) ឃ្លាំងត្រជាក់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar cold storage) បានទិញត្រាក់ទ័រចំនួន៣ គ្រឿងសម្រាប់សហគមន៍កសិកម្មបានផ្តល់បច្ចេកទេសសម្រាប់ការដាំដុះ ចឹញ្ចឹមសត្វ និងការប្រមូលផលកសិកម្ម។

អង្គការហេហ្វឺ​អន្តរជាតិ ថែមទាំងបានកសាងផ្សារសហគមន៍ចំនួន១១កន្លែងដែលជារបស់សហគមន៍កសិកម្ម, កសាងទីសត្តឃាតមាន់ចំនួន ១០កន្លែងដល់សហគមន៍កសិកម្ម,បានទិញយានយន្តដឹកផលិតផលកសិកម្មចំនួន ១១ គ្រឿង សម្រាប់សហគមន៍កសិកម្ម,បានទិញមធ្យោបាយដឹកជញ្ជូនខ្នាតតូច ម៉ូតូកង់បីចំនួន ៣៣ គ្រឿងសម្រាប់ដឹកកសិផលកសិកម្មដល់សហគមន៍កសិកម្ម។ ទន្ទឹមគ្នានេះ សហគមន៍កសិកម្ម និងសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍន៍សង្គម បានកៀគរសមាជិកដើម្បីវិនិយោគទិញ និងជួលដីសំរាប់រៀបចំកសាងកសិដ្ឋានពង្រីកការផលិតផលកម្មកសិកម្មរួមមាន មាន់ ត្រី បន្លែ និងផ្លែឈើ​ផងដែរ៕