(ទីម័រឡេស្តេ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសថា សម្តេចនឹងមិនសន្ទនាជាមួយ ក្រុមភេរវកម្មដែលចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានោះឡើយ។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច ធ្វើសុន្ទរកថាគន្លឹះស្តីពី មេរៀនរបស់សម្តេចតេជោ ហ៊ុន សែន៖ ដំណើរកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅសេរីភាព និងការរីកចម្រើន នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសទីម័រឡេស្តេ។
សម្ដេចតេជោ បានថ្លែងពីការទទួលបានសន្តិភាពពេញលេញរបស់កម្ពុជា ដែលមានអាយុកាលប្រមាណ២៧ឆ្នាំ ប៉ុន្តែក្នុងនាមប្រធានគណបក្សប្រជាជន សម្ដេចនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាគណបក្សផ្សេងទៀត ដើម្បីភាពសុខដុមរមនា ពង្រឹងឯកភាពជាតិ និងបណ្ដុះលទ្ធិប្រជាធិតេយ្យ។ កម្ពុជាទទួលស្គាល់លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និងផ្ដល់មធ្យោបាយដ៏មានប្រសិទ្ធភាព ដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោត ជាជាងប្រើគ្រាប់កាំភ្លើង ឬអំពើហិង្សា។
ត្រង់ចំណុចនេះ សម្ដេចប្រធានព្រឹទ្ធសភា បានគូសរំលេចយ៉ាងដូច្នេះថា៖ «ប្រទេសមួយដែលរដ្ឋធម្មនុញ្ញចែងថាប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះពិតជាមានបក្សច្រើន បក្សក្នុងសភា បក្សក្នុងសភា ដូច្នេះការសន្ទនាចាំបាច់ណាស់ត្រូវតែចូលរួម ប៉ុន្តែខ្ញុំក៏សូមគូសបញ្ជាក់ថាការសន្ទនាចំពោះភេរវកម្ម គឺមិនអាចធ្វើបានទេ។ ភាពជ្រុលនិយមក៏មិនគួរត្រូវបានលើកទឹកចិត្តដែរ ព្រោះនេះជាគ្រោះថ្នាក់របស់ជាតិ...អ្នកដែលមានសមានចិត្តចង់ឱ្យប្រទេសជាតិរីកចម្រើន គួរតែត្រូវបានលើកទឹកចិត្តសន្ទនា តែមិនគួរលើកទឹកចិត្តសន្ទនាជាមួយក្រុមដែលចង់ផ្ដួលរំលំ តាមមធ្យោបាយមិនប្រធិបតេយ្យនោះទេ គឺត្រូវតែអនុវត្តតាមច្បាប់»។
បើតាមប្រសាសន៍របស់ សម្ដេចតេជោ, បើចង់អភិវឌ្ឍឱ្យមានសន្តិភាព មិនមានការអភិវឌ្ឍណាមួយក្រោមគ្រាប់កាំភ្លើងនោះទេ ប៉ុន្តែដើម្បីរក្សាសន្តិភាពក៏ត្រូវមានការអភិវឌ្ឍទាំងពីរនេះ ជាចុងខ្សែពីរនៃចំណងមួយដែលបំពេញឱ្យគ្នាទៅវិញទៅមក ព្រោះមានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបរក្សាបាននូវសន្តិភាព៕