(ភ្នំពេញ)៖ តាមរយៈសុន្ទរកថាគន្លឹះ ដែលបានមានប្រសាសន៍នៅប្រទេសទីម័រឡេស្ដេ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវទៅកាន់បណ្ដាថ្នាក់ដឹកនាំរដ្ឋទាំងអស់នៅលើពិភពលោក ត្រូវបង្កើនការអប់រំណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន កុំឲ្យលេងល្បែងអនឡាញ ខណៈល្បែងអនឡាញនេះ បានរីកសាយភាយនៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន ក្រៅពីការអំពាវនាវបណ្ដាថ្នាក់ដឹកនាំរដ្ឋអប់រំប្រជាពលរដ្ឋហើយនោះ ក៏បានអះអាងថា ការប្រយុទ្ធប្រឆាំងជាមួយល្បែងអនឡាញខុសច្បាប់ គឺលំបាកជាងការប្រយុទ្ធប្រឆាំងជាមួយគ្រឿងញៀនទៅទៀត ព្រោះការលេងល្បែងអនឡាញ ឬការឆបោកតាមប្រព័ន្ធអនឡាញ អាចធ្វើបាននៅគ្រប់ទីកន្លែង ពោលគ្រាន់តែមានអ៉ីនធ័រណេត អាចធ្វើសកម្មភាពបានភ្លាមៗ។

សម្ដេចប្រធានព្រឹទ្ធសភា ដែលធ្លាប់ជាប្រតិបត្តិករផ្ទាល់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីពេលនៅកាន់តំណែងជានាយករដ្ឋមន្ដ្រីរបស់កម្ពុជា បានបង្ហាញនូវការយល់ឃើញថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានប្រសិទ្ធភាព គឺផ្ដើមចេញពីការកាត់ផ្ដាច់ទីផ្សារនៃការប្រើប្រាស់ ខណៈការប្រយុទ្ធប្រឆាំងល្បែងអនឡាញខុសច្បាប់ ក៏មិនខុសគ្នានោះដែរ គឺត្រូវកាត់ផ្ដាច់កុំឲ្យមានអ្នកលេង។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, បច្ចុប្បន្នបណ្ដាប្រទេសមួយចំនួន បានចោទប្រកាន់ដោយទម្លាក់កំហុសមកលើប្រទេសកម្ពុជាថា បានក្លាយជាទីតាំង នៃការឆបោកមនុស្សតាមប្រព័ន្ធអនឡាញ ព្រោះក្រុមឧក្រិដ្ឋជនបានប្រើល្បិចលួងលោមជនរងគ្រោះ ដោយសំអាងលើការផ្ដល់ប្រាក់ខែច្រើន ពេលមកធ្វើការនៅក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ សម្ដេចភ្ញាក់ផ្អើលដោយសារកម្ពុជារងគ្រោះព្រោះសន្ដិភាព ដែលអតីតកាលគ្រាន់តែលឺឈ្មោះកម្ពុជា គេខ្លាចសង្គ្រាម តែពេលនេះកម្ពុជាបានក្លាយទៅជាឋានសួគ៍លោកកីយ៍នៃក្រុមឆបោកអន្ដរជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការឆបោកតាមអនឡាញ មិនមែនកើតតែនៅកម្ពុជាទេ ឥលូវរីករាលដាល ព្រោះពិបាកគ្រប់គ្រងណាស់ ទាល់តែយើងបិទអ៉ីនធឺណេតចោលទាំងអស់។ ខ្ញុំកំពុងដាក់បញ្ហាត្រឡប់ទៅវិញថា ហេតុអ្វីប្រទេសមួយចំនួនគេបន្ទោសកម្ពុជា ម៉េចក៏មិនបន្ទោសខ្លួនឯងផងទៅ។ ខ្ញុំសុំនិយាយកន្លែងនេះបន្ដិច ផ្ញើសារទៅកាន់បណ្ដារដ្ឋនានា ហេតុអ្វីមិនអប់រំពលរដ្ឋរបស់ខ្លួនថាកុំលេងល្បែង សូម្បីតែសហរដ្ឋអាមេរិក ក៏ថាចាញ់ល្បែងអស់រាប់ពាន់លានដុល្លារ មិចក៏រដ្ឋាភិបាលអាមេរិក មិនយកចិត្តទុកដាក់អប់រំពលរដ្ឋអាមេរិក កុំឲ្យលេងល្បែងអនឡាញ ហើយមកបន្ទោស»

ដោយមើលឃើញពីស្ថានភាពបែបនេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបណ្ដាប្រទេសទាំងអស់ ត្រូវតែប្រើប្រាស់វិធានការអប់រំ និងបង្កើនការអប់រំដល់ប្រជាពលរដ្ឋរបស់ខ្លួន កុំឲ្យពាក់ព័ន្ធជាមួយល្បែងអនឡាញខុសច្បាប់ ហើយជាពិសេសកុំជឿលង់តាមការញុះញង់របស់ក្រុមឧក្រិដ្ឋជនឆបោកអន្ដរជាតិ។

យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បន្ដដាក់ចេញនូវវិធានការម៉ឺងម៉ាត់លើការប្រយុទ្ធប្រឆាំងល្បែងអនឡាញខុសច្បាប់ និងឧក្រិដ្ឋកម្មនៃការឆបោកតាមប្រព័ន្ធអ៉ីនធឺណេត។ វិធានការរបស់រាជរដ្ឋាភិបាលកន្លងទៅ គឺបានបិទចោលទាំងស្រុងនូវគេហទំព័រល្បែងអនឡាញ និងលុបបំបាត់ឲ្យបញ្ឈប់ផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញតាមគ្រប់ទម្រង់ទាំងអស់ ព្រមទាំងបង្ក្រាបបានជាបន្ដបន្ទាប់ផងដែរ៕