(ព្រះវិហារ)៖ កំណាត់ផ្លូវខេត្ត ដែលជាផ្លូវយុទ្ធសាស្ត្រក្រវាត់តាមព្រំដែនកម្ពុជា ថៃ និងឡាវប្រវែងជាង ៣០គីឡូម៉ែត្រ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជួសជុល ថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឈរជើងការពារតាមព្រំដែនមានភាពងាយស្រួល។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ថា កំណាត់ផ្លូវខេត្តជាង ៣០គីឡូម៉ែត្រ ផ្លូវយុទ្ធសាស្ត្រតាមក្រវាត់ព្រំដែនកម្ពុជា ថៃ និងឡាវ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួសជុលថែទាំរួមមាន៖
*កំណាត់ផ្លូវខេត្ត 2PVH3 ប្រវែង ១៧គីឡូម៉ត្រ ស្ថិតនៅជើងភ្នំប្រាសាទព្រះវិហារព្រំដែនកម្ពុជា-ថៃ ក្នុងឃុំស្រអែម
*កំណាត់ផ្លូវខេត្ត 2PVH7 ប្រវែង ១៥.៧៩គីឡូម៉ែត្រ ព្រំដែនកម្ពុជា ថៃ និងឡាវ ស្ថិតនៅតំបន់មុំបី ក្នុងឃុំមរកត ស្រុកជាំក្សាន្ត។
លោក សំ លាងទ្រី បានថ្លែងប្រាប់ថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ ដែលគ្រប់គ្រងដោយមន្ទីរធ្វើយ៉ាងណាមិនឱ្យមានគ្រលុកសំបុកមាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធឈរជើងការពារ តាមព្រំដែនមានភាពងាយស្រួលផងដែរ។
ប្រធានមន្ទីរសាធារណការខេត្តព្រះវិហា បានថ្លែងអំពាវនាវប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លុវថ្នល់ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ដោយកុំដឹកជញ្ជូនទំនិញលើសទម្ងន់ដែលច្បាប់បានកំណត់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំលុបអូរ លុបប្រឡាយទឹក កុំយកដីចំណីផ្លូវធ្វើអាជីវកម្មគ្រប់ប្រភេទ ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ បើកបរវ៉ាជែងទាំងប្រថុយប្រថាន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕