(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ ៣៧ រូប បានចូលរួមអបអរសាទរពិធីសម្ពោធ «អគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានា» ក្នុងវត្តស្វាយពពែ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព កម្ពស់ ៥ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមជាមួយផ្លូវចាក់បេតុង និងក្រាលកៅស៊ូ ក្នុងបរិវេណពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាទាំងមូល។
ការសម្រេចបាននូវសមិទ្ធផលថ្មីនេះ ជាចក្ខុវិស័យដែលជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបង្កើនគុណភាពការសិក្សាសម្រាប់បព្វជិត និងនិស្សិត ដោយមិនប្រកាន់និន្នាការនយោបាយ និងជំនឿសាសនា ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងនៃមូលធនមនុស្សរបស់កម្ពុជា៕