(ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៉ីប្រចាំ រាជធានីភ្នំពេញ បន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារពលរដ្ឋឥណ្ឌូនេស៉ីនៅកម្ពុជា តាមរយៈវិធីសាស្រ្តផ្ទាល់ទៅកាន់សហគមន៍។ ជំហានជាក់ស្តែងមួយគឺការរៀបចំកិច្ចប្រជុំសហគមន៍ឥណ្ឌូនេស៉ី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃដោយផ្ទាល់។

ពលរដ្ឋឥណ្ឌូនេស៉ីជាង១៥០នាក់ បានចូលរួមពិធីនេះដែលបានប្រព្រឹត្តទៅនៅអគារ Methaphon ប៉ោយប៉ែត។ តាមរយៈកិច្ចពិភាក្សាអន្តរកម្ម ស្ថានទូតឥណ្ឌូនេស៉ីបានប្រគល់សម្ភារៈសំខាន់ៗទាក់ទងនឹងសេវាកុងស៊ុល ការការពារផ្លូវច្បាប់ ការទូន្មានអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងសារៈសំខាន់នៃចរាចរណ៍សណ្តាប់ធ្នាប់។ អ្វីដែលសំខាន់ដូចគ្នាផងនោះ គឺយុទ្ធនាការប្រឆាំងការក្លែងបន្លំឌីជីថល ជាមួយនឹងសារ «ប្រឆាំងនឹងការឆបោកតាមអ៉ីនធឺណិត» ដើម្បីរំលឹកពលរដ្ឋឥណ្ឌូនេស៉ីពីការផ្តល់ការងារក្លែងក្លាយដែលកំពុងរីករាលដាល។

លោក Djumara ជាទីប្រឹក្សាស្ថានទូតឥណ្ឌូនេស៉ីប្រចាំទីក្រុងភ្នំពេញ បានថ្លែងថា «TMI មិនមែនគ្រាន់តែជាវេទិកាសង្គមភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយនៃការកសាងទំនាក់ទំនងពីរផ្លូវ ការពង្រឹងសាមគ្គីភាពរវាងប្រជាពលរដ្ឋឥណ្ឌូនេស៉ី និងការបង្កើនការយល់ដឹងផ្នែកច្បាប់ផងដែរ»

មួយថ្ងៃមុនសកម្មភាពនៅប៉ោយប៉ែត ស្ថានទូតឥណ្ឌូនេស៉ីនៅភ្នំពេញក៏បានទៅទស្សនាពិនិត្យមណ្ឌលត្រៀមបណ្តេញចេញ សៀមរាបផងដែរ ដែលក្នុងជំនួបជាមួយប្រធានមជ្ឈមណ្ឌល លោកឧត្តមសេនីយ៍ទោ ប៉ូ សេងលាង បានពិភាក្សាអំពីការដោះស្រាយសំណុំរឿងពលរដ្ឋឥណ្ឌូនេស៉ីដែលមានបញ្ហា ការពន្លឿនការធ្វើមាតុភូមិនិវត្តន៍ និងការការពារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋឥណ្ឌូនេស៉ីដែលត្រូវបានឃុំក្នុងមណ្ឌល។

ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវស្ថានភាពរបស់ពលរដ្ឋឥណ្ឌូនេស៉ីពីរនាក់មកពីទីក្រុង Lampung និង Jakarta ដែលពីមុនត្រូវបានធានាសុវត្ថិភាពពីក្រុមឆបោក តាមប្រព័ន្ធអ៊ីនធឺណិតក្នុងខេត្តឧត្តរមានជ័យ។ អ្នកទាំងពីរមានសុខភាពល្អ និងទទួលបានជំនួយជាអាហារ និងតម្រូវការមួយចំនួនពីស្ថានទូតឥណ្ឌូនេស៉ី។ ដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេត្រូវបានកំណត់គោលដៅថានឹងបញ្ចប់នៅពាក់កណ្តាលខែឧសភា ឆ្នាំ ២០២៥។

យោងតាមទិន្នន័យឆ្នាំ២០២៤ ចំនួនពលរដ្ឋឥណ្ឌូនេស៉ីនៅកម្ពុជា ដែលមានប័ណ្ណស្នាក់ស្របច្បាប់នៅបានកើនឡើងដល់ជាង ១៣១ ពាន់ នាក់ ដោយខេត្តបន្ទាយមានជ័យជាខេត្តដែលប្រមូលផ្តុំធំជាងគេទីពីរ បន្ទាប់ពីខេត្តព្រះសីហនុ ដែលមានប្រហែល ២៧,៨% ឬជាង ៣៦៥០០ នាក់ ។

តាមរយៈវិធីសាស្រ្តសកម្មដូចជា TMI និងដំណើរទស្សនកិច្ចទៅកាន់មណ្ឌលឃុំឃាំង ស្ថានទូតឥណ្ឌូនេស៉ីប្រចាំនៅទីក្រុងភ្នំពេញ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តមានវត្តមាន ដើម្បីការពារពលរដ្ឋឥណ្ឌូនេស៉ី មិនត្រឹមតែក្នុងស្ថានភាពអាសន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការបង្ការ ការអប់រំ និងកិច្ចខិតខំប្រឹងប្រែងពង្រឹងសហគមន៍នៅលើមូលដ្ឋានជាបន្តបន្ទាប់៕